ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    និស្សិតវៀតណាម ១០០ ០០០ នាក់ ត្រូវបានស្នើសុំឱ្យនៅផ្ទះបណ្ដោះអាសន្ន បន្ទាប់ពីគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ បានតេស្ដវិជ្ជមានជំងឺកូវីដ១៩កាលពីថ្ងៃច័ន្ទ

    BY autoadmin December 3, 2020
    និស្សិតវៀតណាម ១០០ ០០០ នាក់ ត្រូវបានស្នើសុំឱ្យនៅផ្ទះបណ្ដោះអាសន្ន បន្ទាប់ពីគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ បានតេស្ដវិជ្ជមានជំងឺកូវីដ១៩កាលពីថ្ងៃច័ន្ទ

    និស្សិតសាកលវិទ្យាល័យជាង ១០០ ០០០ នាក់ នៅទីក្រុងហូជីមីញប្រទេសវៀតណាម ត្រូវបានស្នើសុំឱ្យស្នាក់នៅផ្ទះបណ្ដោះអាសន្ន ខណៈពេលដែលសាលាជាច្រើនទៀតកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយការចម្លងជំងឺ COVID-19 ក្នុងតំបន់នាពេលថ្មីៗនេះ។ ការស្នើសុំនេះបានកើតឡើងបន្ទាប់ពីមាននិស្សិតជាច្រើនបានទាក់ទងជាមួយគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ ដែលគាត់ត្រូវបានរកឃើញថា ឆ្លងជំងឺ COVID-19 ពីមិត្តរួមផ្ទះរបស់គាត់ម្នាក់ទៀត ដែលធ្វើការជាអ្នកបម្រើការនៅលើយន្តហោះឱ្យក្រុមហ៊ុន Vietnam Airlines កាលពីថ្ងៃច័ន្ទកន្លងទៅនេះ។

    និស្សិតជាង ១៤ ០០០នាក់ នៅសាកលវិទ្យាល័យហូជីមិញ និងសាលាអនុវិទ្យាល័យអប់រំ នៅសង្កាត់លេខ៥ ត្រូវបានស្នើសុំឱ្យនៅផ្ទះ និងប្តូរទៅរៀនតាមអនឡាញវិញ។ មានសិស្សម្នាក់ដែលបានទៅចូលរួមថ្នាក់បង្រៀនរបស់លោកគ្រូម្នាក់នោះ ត្រូវបានគេបញ្ជូនទៅកន្លែងនៅដាច់ដោយឡែក ហើយលទ្ធផលតេស្ដដំបូងរបស់គាត់គឺអវិជ្ជមាន។ យ៉ាងណាសិស្សដទៃដែលរួមថ្នាក់ជាមួយសិស្សរូបនេះ គឺត្រូវនៅផ្ទះដើម្បីតាមដានសុខភាពសិនចាប់ផ្ដើមពីថ្ងៃអង្គារ។

    និស្សិតជាង ២០ ០០០ នាក់ នៃសាកលវិទ្យាល័យ Ton Duc Thang ក្នុងសង្កាត់លេខ៧ ត្រូវបានបង្ខំឱ្យស្នាក់នៅផ្ទះតាំងពីយប់ថ្ងៃអង្គារ បន្ទាប់ពីនិស្សិតម្នាក់ដែលបានប៉ះពាល់ជាមួយលោកគ្រូបង្រៀនភាសាអងគ្លេសម្នាក់នោះ ឧស្សាហ៍ទៅលេងសាលារបស់ខ្លួន។ ហើយរាល់សកម្មភាពរៀនសូត្រត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីការពារកុំឱ្យមេរោគរីករាលដាល។

    និស្សិតជាង ២០ ០០០នាក់ សាកលវិទ្យាល័យហិរញ្ញវត្ថុនិងទីផ្សារ ដែលនៅជិតសាកលវិទ្យាល័យ Ton Duc Thang ក៏ត្រូវផ្អាកការសិក្សារហូតដល់ថ្ងៃសៅរ៍។ ចំណែកសាកលវិទ្យាល័យភាសាបរទេស – បច្ចេកវិទ្យាព័ត៌មាន (Huflit) អនុញ្ញាតឱ្យសិស្សចំនួន ១០ ០០០នាក់ មិនបាច់ទៅរៀនក៏បានរហូតដល់ចុងសប្ដាហ៍ ដោយសារសាលានេះនៅក្បែរកន្លែងច្រៀងខារ៉ាអូខេ ហាងកាហ្វេ និងកន្លែងងាយចម្លងរោគផ្សេងៗទៀត។

    សាកលវិទ្យាល័យ Hutech អនុញ្ញាតឱ្យនិស្សិតចំនួន ៣០ ០០០នាក់  នៅផ្ទះរហូតដល់ចុងសប្ដាហ៍ ហើយប្ដូរទៅរៀនតាមបណ្ដាញអនឡាញ បន្ទាប់ពីអ្នកបម្រើការលើយន្តហោះ ដែលជាមិត្តគ្រូបង្រៀនភាសាអង់គ្លេស បានទៅចូលរូមថ្នាក់រៀននៅទីនោះ កាលពីថ្ងៃទី២២ ខែវិច្ឆិកា។ គួរឱ្យដឹងដែរថា វៀតណាមមានករណីជំងឺ COVID-19 សរុប ១,៣៥១ នាក់ គិតមកទល់ពេលនេះ ខណៈការស្លាប់មាន ៣៥នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNexpress

    Share This Post: