ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋាភិបាលអង់គ្លេសនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ពលរដ្ឋដែលងាយរងគ្រោះចាប់ពីថ្ងៃច័ន្ទតទៅ

    BY autoadmin December 4, 2020
    រដ្ឋាភិបាលអង់គ្លេសនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ពលរដ្ឋដែលងាយរងគ្រោះចាប់ពីថ្ងៃច័ន្ទតទៅ

    កាលពីថ្ងៃពុធរដ្ឋាភិបាលអង់គ្លេសបានអនុញ្ញាតឱ្យប្រើជាផ្លូវការនូវវ៉ាក់សាំង ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនយក្សអាមេរិក Pfizer និងក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់ ហើយខ្លួននឹងចាប់ផ្តើមចាក់វ៉ាក់សាំងឱ្យពលរដ្ឋនៅដើមសប្តាហ៍ក្រោយនេះ។ សារព័ត៌មាន BBC រាយការណ៍ថា វ៉ាក់សាំងនេះផលិតនៅបែលហ្ស៊ិក ដោយធ្វើដំណើរទៅចក្រភពអង់គ្លេសតាមរយៈផ្លូវដែក Eurotunnel ។ ប៉ុន្តែយ៉ាងណារដ្ឋាភិបាលនិយាយថា ខ្លួនមិនអាចផ្តល់ព័ត៌មានលម្អិតទេដោយសារបារម្ភពីសុវត្ថិភាពការដឹកជញ្ជូន។

    បញ្ហាប្រឈមរបស់វ៉ាក់សាំងគឺរបៀបដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំង ដែលចាំបាច់ត្រូវរក្សាទុកនៅសីតុណ្ហភាពប្រហែល ៧០ អង្សាសេ ហើយការត្រួតពិនិត្យគុណភាពនឹងត្រូវធ្វើឡើងភ្លាម បន្ទាប់ពីវាមកដល់ចក្រភពអង់គ្លេស។ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសរាយការណ៍ថា មន្ទីរពេទ្យមួយចំនួននៅទីក្រុងឡុង កំពុងរៀបចំដើម្បីចាប់ផ្តើមចាក់វ៉ាក់សាំងនៅថ្ងៃច័ន្ទនេះ។

    ពលរដ្ឋក្នុងមណ្ឌលថែទាំ និងអ្នកមើលថែ ក៏ដូចជាមនុស្សដែលមានអាយុលើសពី ៨០ឆ្នាំ នឹងក្លាយជាមនុស្សដំបូងគេ ដែលនឹងទទួលការចាក់ថ្នាំបង្ការ។ ការចាក់ថ្នាំបង្ការដល់មនុស្សទាំងនេះត្រូវបានគេរំពឹងថា នឹងចំណាយពេលរហូតដល់និទាឃរដូវ។ យ៉ាងណានាយករដ្ឋមន្រ្តី Boris Johnson បានព្រមានថា វាឆាប់ពេកហើយក្នុងការគិតថា ការប្រយុទ្ធប្រឆាំងនឹងវីរុសនេះត្រូវបានបញ្ចប់ត្រឹមនេះ។ លោកក៏កំពុងជំរុញឱ្យសាធារណជនធានាថា ពួកគេនៅតែបន្តការពារខ្លួនតាមការណែនាំរបស់រដ្ឋ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: