ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រមណីយដ្ឋានអង្គរនឹងបង្កើនបណ្តាញប្រព័ន្ធទូរសព្ទកាន់តែទូលំទូលាយ

    BY Khmernote Media June 27, 2018
    រមណីយដ្ឋានអង្គរនឹងបង្កើនបណ្តាញប្រព័ន្ធទូរសព្ទកាន់តែទូលំទូលាយ

    ​សៀមរាប​ ៖​ ជា​យូរ​មក​ហើយ​ដែល​តំបន់​អង្គរ​ពុំ​សូវ​មាន​សេវា​ទូរស័ព្ទ​គ្រប់គ្រាន់​ ដោយសារ​តំបន់​នេះ​គ្របដណ្តប់​ដោយ​ប្រាសាទ​ និង​ព្រៃឈើ​ជា​ច្រើន​។​ ក្រុមហ៊ុនទូរស័ព្ទ​ជា​ច្រើន​ ធ្លាប់​បាន​ស្នើ​មក​អាជ្ញាធរ​ជាតិ​អប្សរា​ សុំ​លើក​បង្គោល​អង់​តែ​ន​ ក្នុង​តំបន់​អង្គរ​ដើម្បី​បង្កើន​ប្រព័ន្ធ​សេវា​របស់​ខ្លួន​។​

    ​ដោយ​តម្រូវការ​បច្ចុប្បន្ន​លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណិ​ត​កាន់តែ​ខ្លាំង​ ជា​ពិសេស​ ដើម្បី​សម្រួល​ដល់​ការ​ទំនាក់ទំនង​របស់​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​តំបន់​អង្គរ​ អាជ្ញាធរ​ជាតិ​អប្សរា​ តាម​រយៈ​ការ​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ជាតិ​ និង​អន្តរជាតិ​ ជា​ពិសេស​ ក្រោយ​ឆ្លង​យោបល់​ ជាមួយ​ គណៈកម្មាធិការ​ ICC-Angkor​ រួច​មក​ បាន​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​បង្គោល​សិប្បនិមិត្ត​ ដែល​អាច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទូរ​សព្ទ​ផ្សេងៗ​ អាច​បំពាក់​ប្រព័ន្ធ​សេវា​ទូរ​សព្ទ​របស់​ខ្លួន​បាន​។​

    ​កាលពី​ឆ្នាំ​២០១៦​ បង្គោល​សិប្បនិមិត្ត​នេះ​ត្រូវ​សាងសង់​ឡើង​ចំនួន​៦​ទីតាំង​សំខាន់ៗ​នៅ​ក្នុង​តំបន់​អង្គរ​ និង​មាន​ក្រុមហ៊ុន​ទូរ​សព្ទ​ចំនួន​៤​ក្នុង​ប្រទេស​កម្ពុជា​បាន​ជួល​បំពាក់​សេវា​។​ ប៉ុន្តែ​ ចំនួន​បង្គោល​នេះ​ នៅ​តែ​មិន​អាច​ផ្តល់​សេវា​គ្របដណ្តប់​ក្នុង​តំបន់​អង្គរ​បាន​គ្រប់គ្រាន់​នៅឡើយ​។​ នៅ​ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​ ICC-Angkor​ នា​ដើមខែ​មិថុនា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​ថ្មីៗ​នេះ​ អាជ្ញាធរ​អប្សរា​បាន​ស្នើ​យោបល់​ជូន​គណៈកម្មាធិការ​នេះ​ ដើម្បី​សាងសង់​បង្គោល​សិប្បនិមិត្ត​ចំនួន​១២​ទីតាំង​បន្ថែម​ទៀត​។​

    ​លោក​ សុខ​ សង្វារ​ អគ្គនាយករង​ និង​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​ទាក់ទង​ការ​រៀបចំ​ដំឡើង​អង់​តែ​ន​ក្នុង​តំបន់​អង្គរ​ មាន​ប្រសាសន៍​ថា​ ទោះបីជា​ការងារ​នេះ​មាន​ភាព​ស្មុគស្មាញ​ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ ត្រូវ​ធ្វើការ​ជាមួយ​ដៃគូ​ជាតិ​ និង​អន្តរជាតិ​អស់​រយៈពេល​យូរ​ក៏​ដោយ​ តែ​យើង​បាន​ ស្វែងរក​ឃើញ​នូវ​ចំណុចរួម​គ្នា​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​ សម្ភារៈ​ និង​មធ្យោបាយ​ជាដើម​ ដើម្បី​រក្សា​នូវ​ទេសភាព​វប្បធម៌​នៃ​តំបន់​អង្គរ​ និង​តម្រូវការ​ជាក់ស្តែង​នៃ​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​។​

    ​លោក​បន្ថែម​ថា​ នេះ​ជា​ការងារ​សំខាន់​សម្រាប់​អង្គរ​ ដើម្បី​បម្រើ​ការងារ​អាជ្ញាធរ​ពាក់ព័ន្ធ​ និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ​ ព្រមទាំង​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍​ដែល​មក​ទស្សនា​អង្គរ​។​ ការងារ​នេះ​នឹង​ជួយ​ដល់​កិច្ចការ​ប្រចាំ​ថ្ងៃ​ក្នុង​ការ​ទំនាក់ទំនង​ និង​ជួយ​សម្រួល​ដល់​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​អង្គរ​ផង​ដែរ​។​

    ​ឆ្លង​តាម​កិច្ច​ពិភាក្សា​យ៉ាង​ល្អិតល្អន់​រួច​មក​ គណៈកម្មាធិការ​ ICC-Angkor​ បាន​អនុញ្ញាត​លើ​គម្រោង​សាងសង់​បង្គោល​ថ្មី​នេះ​ ជាមួយនឹង​អនុសាសន៍​ណែនាំ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​កំណាយ​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា​ជា​មុន​នៅ​គ្រប់​ទីតាំង​ដែល​គ្រោង​នឹង​សាងសង់​ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ដល់​ផ្នែក​បុរាណវិទ្យា​ និង​តម្រូវ​ឲ្យ​រចនា​បង្គោល​និង​ពណ៌​ ស៊ីគ្នា​នឹង​ស្ថានភាព​ជាក់ស្តែង​នៃ​ដើមឈើ​ធម្មជាតិ​ដែល​មាននៅ​ទីនោះ​ ក្នុង​ន័យ​ថែរក្សា​នូវ​ទេសភាព​វប្បធម៌​ដែល​មាន​ស្រាប់​។​

    ​ចំពោះ​ទីតាំង​ដែល​ត្រូវ​ដំឡើង​អង់​តែ​ន​ដើមឈើ​សិប្បនិមិត្ត​ទាំង​១២​កន្លែង​ស្ថិត​នៅ​ទីតាំង​នៃ​តំបន់​ការពារ​ទី​១​ និង​តំបន់​ការពារ​ទី​២​នៃ​រមណីយដ្ឋាន​អង្គរ​ ដូច​ជា​ នៅ​ភូមិ​ស្រះស្រង់​ ភូមិ​ប្រដាក​ ភូមិ​គោក​ស្នួល​ ជិត​ចំណត​ភ្នំ​បាខែង​ ភូមិ​លាងដៃ​ ភូមិ​មណ្ឌល​៣​ ជិត​ព្រះ​លានជល់ដំរី​ ក្បែរ​ព្រ​លាន​យន្តហោះ​ ជិត​ចំណត​នាគព័ន្ធ​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A​ ភូមិ​ទឹក​វិល​ និង​ក្បែរ​ប្រាសាទបាយ័ន​។​ បង្គោល​ទាំងនេះ​មាន​កម្ពស់​ចន្លោះ​ពី​១៨​ម​ ទៅ​៤០​ តាម​ស្ថានភាព​ជាក់ស្តែង​ និង​មាន​ទ្រង់ទ្រាយ​ដូច​ដើមឈើ​នៅ​ក្បែរៗ​នោះ​ស្រាប់​។​

    ​បច្ចុប្បន្ន​ ក្រុមការងារ​កំពុង​ពិភាក្សា​លម្អិត​ជាមួយ​ក្រុមហ៊ុន​ដំឡើង​បង្គោល​ ដើម្បី​ឈាន​ដល់​ការ​ចុះ​កិច្ចព្រមព្រៀង​មួយ​ ហើយ​អាច​នឹង​ដំណើរការ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។​ ដូច្នេះ​ មិនយូរ​ទៀត​ទេ​ ភ្ញៀវ​ទេសចរ​និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ​ នឹង​ទទួល​បាន​សេវា​អ៊ិ​ន​ធើ​ណិ​ត​គ្រប់គ្រាន់​ សម្រាប់​ប្រើប្រាស់​លើ​ប្រព័ន្ធ​ទូរ​សព្ទ​ និង​តម្រូវការ​ផ្សេងៗ​ទៀត​។​ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​រមណីយដ្ឋាន​អង្គរ​ ដែល​ផ្តោត​លើ​ការ​ផ្តល់​ជូន​នូវ​សុខដុម​ភាព​ដល់​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​ គ្រប់​ជាតិ​សាសន៍​ ហើយ​រក្សា​បាន​នូវ​តម្លៃ​អង្គរ​ដោយ​ចីរភាព ​៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay