ព្រោះតែភ្លើងប្រចណ្ឌ បុរសម្នាក់បើកឡានបំបុកចូលក្នុងផ្ទះអតីតសង្សារ និងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចអស់ទៀតមានតម្លៃជិត ១ម៉ឺនដុល្លារ (មានវីដេអូ)
ថៃ៖ បុរសជនជាតិថៃម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនភ្លាមៗបន្ទាប់ពីរូបគាត់បានធ្វើសកម្មភាពបើករថយន្តភីកអាប់មួយគ្រឿងបំបុកចូលទៅក្នុងផ្ទះអតីតមិត្តស្រីរបស់គាត់ ហើយបន្ទាប់មករូបគាត់ក៏បានយកញញួរទៅវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះកើតហេតុនោះជាច្រើនទៀតផងដែរ។ បើតាមសារព័ត៌មាន The Thaiger បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុក Pan Thong ខេត្ត Chon Buri ភាគខាងកើតប្រទេសថៃ។

ជនបង្កហេតុត្រូវបានគេស្គាល់ថា មានឈ្មោះ Chalermkiet Osodroob អាយុ ៣៤ ឆ្នាំ ខណៈអតីតមិត្តស្រីរបស់គាត់មានឈ្មោះថា Uraiwan Kotsombat មានអាយុ ៤២ ឆ្នាំ ហើយមូលហេតុចម្បងដែលនាំឲ្យកើតហេតុការណ៍នេះគឺដោយសារតែភ្លើងប្រចណ្ឌពីសំណាក់ជនបង្កហេតុចំពោះអតីតមិត្តស្រីរបស់គាត់។ អ្នកស្រី Uraiwan Kotsombat បានប្រាប់ប៉ូលិសថា កន្លងមកជនបង្កហេតុរូបនេះក៏ធ្លាប់ព្រមានដុតផ្ទះរបស់គាត់ចោលផងដែរព្រោះហេតុផលដូចគ្នានេះ តែគាត់មិនបានរាយការណ៍ជូនប៉ូលិសនោះទេ។ យ៉ាងណាក្តី ដោយសារសកម្មភាពរបស់ជនបង្កហេតុលើកនេះ ហាក់មានលក្ខណៈជ្រុលហួសហេតុពេកទើបគាត់សម្រេចប្តឹងប៉ូលិសឲ្យធ្វើអន្តរាគមន៍តែម្តង។ តាមការវាយតម្លៃ បឋមទ្រព្យសម្បត្តិដែលត្រូវបានបំផ្លាញនោះអាចមានតម្លៃជាទឹកប្រាក់ចំនួន ៣០០ ០០០ បាត (៩ ៩៤៨ ដុល្លារអាមេរិក)៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger