សាំងហ្គាពួរនឹងបរិច្ចាគទឹកប្រាក់ចំនួន ៥ លានដុល្លារអាមេរិក ទៅកម្មវិធី COVAX ដើម្បីជួយដល់ប្រទេសមានចំណូលទាបនិងមធ្យម អាចទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដោយស្មើភាព
សេចក្តីថ្លែងការណ៍រួមរបស់ក្រសួងការបរទេស និងក្រសួងសុខាភិបាលសាំងហ្គាពួរ នៅថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសរបស់ខ្លួននឹងបរិច្ចាគទឹកប្រាក់ចំនួន ៥ លានដុល្លារអាមេរិក ទៅក្នុងកម្មវិធី COVAX ដែលផ្ដួចផ្ដើមដោយអង្គការសុខភាពពិភពលោក ដើម្បីជួយដល់ប្រជាជនក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ឱ្យទទួលបានវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ។ ពោលគឺវានឹងជួយដល់ប្រទេសចំនួន ៩២ ក្នុងការទទួលបានវ៉ាក់សាំងឱ្យដូចជាប្រទេសអ្នកមានដទៃ។

សមាជិកចំនួន ៦ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្ថិតក្នុងចំណោមប្រទេសដែលមានសិទ្ធិទទួលបានជំនួយ ដែលរួមមាន៖ ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ភូមា ហ្វីលីពីន និងវៀតណាម។ កម្មវិធី COVAX ត្រូវបានសម្របសម្រួលដោយសម្ព័ន្ធភាពវ៉ាក់សាំងសកលលោក Gavi រួមជាមួយសម្ព័ន្ធភាពសម្រាប់ការច្នៃប្រតិដ្ឋត្រៀមបង្ការការរីករាលដាលនៃជំងឺឆ្លង (Coalition for Epidemic Preparedness Innovations) និងអង្គការសុខភាពពិភពលោក។ សកម្មភាពនេះគឺជាផ្នែកមួយនៃការគាំទ្រឥតឈប់ឈររបស់សាំងហ្គាពួរ សម្រាប់ពហុភាគីនិយម និងការទទួលបានវ៉ាក់សាំងដោយស្មើភាពគ្នា៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia