លោក Diego Maradona ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយពេលលោកអបអរជ្រុលពេកធ្វើឲ្យឡើងសម្ពាធឈាម
- June 27, 2018
វីរៈបុរសបាល់ទាត់របស់ក្រុមជម្រើសជាតិអាហ្សង់ទីនលោក Diego Maradona ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗបន្ទាប់ពីវីរៈបុរសបាល់ទាត់រូបនេះឡើងសម្ពាធឈាមក្រោយពេលក្រុមជម្រើសជាតិអាហ្សង់ទីនយកឈ្នះក្រុមជម្រើសជាតិនីហ្សេរីយ៉ាដោយលទ្ធផល 2-1។
វីរៈបុរសបាល់ទាត់របស់ក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ 57 រូបនេះត្រូវបានគេសង្កេតឃើញមកទស្សនាការប្រកួតរបស់អាហ្សង់ទីនគ្រប់ការប្រកួតតែម្ដងនៅក្នុង World Cup នេះ។ នៅក្នុងការប្រកួតជុំទី 3 របស់ក្រុមជម្រើសជាតិអាហ្សង់ទីនជាមួយនឹងក្រុមជម្រើសជាតិនីហ្សេរីយ៉ាកាលពីយប់មិញនេះ សកម្មភាពនិងកាយវិការមិនសមរម្យជាច្រើនរបស់លោក Diego Maradona ត្រូវបានកាមេរ៉ាចាប់ជាប់ក្នុងកំឡុងការប្រកួតនេះ។

មុនការប្រកួតវីរៈបុរសដែលជួយឲ្យអាហ្សង់ទីនឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ 1986 រូបនេះបានយកស្រ្ដីម្នាក់មករាំលេងសប្បាយ ដោយលោក Maradona ហាក់ដូចជាសប្បាយមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។
នៅពេលខ្សែប្រយុទ្ធ Leo Messi សុតបញ្ចូលទីមួយគ្រាប់ធ្វើឲ្យអាហ្សង់ទីននាំមុខក្រុមជម្រើសជាតិនីហ្សេរីយ៉ា 1-0 នោះកាយវិការអបអរសារទររបស់លោក Diego Maradona បានកើតឡើងនៅមុខអ្នកគាំទ្រ ប៉ុន្ដែបានតែមួយភ្លែតក៏ស្ងប់ស្ងាត់ទៅវិញ ដោយលោក Maradona មានអារម្មណ៍ថាលោកកំពុងឡើងសម្ពាធឈាមក៏បានដេកលង់លក់នៅក្នុងការប្រកួតតង់ទី 1 មិនទាន់បញ្ចប់។
នៅក្នុងចុងតង់ទី 2 នៅពេលដែលខ្សែការពារ Rojo សុតបញ្ចូលទីបង្ហាញក្ដីសង្ឃឹមឲ្យអាហ្សង់ទីនឡើងទៅវគ្គ 16 ក្រុមចុងក្រោយនោះ កាយវិការមិនសមរម្យរបស់លោក Diego Maradona បានកើតឡើងដាក់លើអ្នកគាំទ្រ ដោយធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្ដែងការមិនពេញចិត្តចំពោះការអបអរបែបកាយវិការមិនសមរម្យបែបនេះ។

- Share This Post:






