ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង់គ្លេសសន្យានឹងកាត់បន្ថយការបំភាយឱ្យបាន ៦៨% នៅត្រឹមឆ្នាំ ២០៣០ និងកាត់បន្ថយត្រឹមសូន្យនៅឆ្នាំ២០៥០

    BY autoadmin December 4, 2020
    អង់គ្លេសសន្យានឹងកាត់បន្ថយការបំភាយឱ្យបាន ៦៨% នៅត្រឹមឆ្នាំ ២០៣០ និងកាត់បន្ថយត្រឹមសូន្យនៅឆ្នាំ២០៥០

    នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានប្រកាសថា ប្រទេសរបស់លោកនឹងមានគោលបំណង ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់យ៉ាងហោចណាស់ ៦៨% ពីកម្រិតក្នុងឆ្នាំ១៩៩០ នៅត្រឹមឆ្នាំ២០៣០ ខាងមុខនេះ។ លោក Boris Johnson នៅថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ បាននិយាយនេះថា ចក្រភពអង់គ្លេសកំពុងបង្កើនគោលដៅកាត់បន្ថយរបស់ខ្លួនដល់ ៦៨% ឬច្រើនជាងនេះ លើសពីគោលដៅពីមុនដែលគ្រោងត្រឹមតែជាង ៥០% ប៉ុណ្ណោះ។

    លោកក៏បានសង្កត់ធ្ងន់លើគោលបំណងរបស់អង់គ្លេស ក្នុងការដើរតួនាទីជាអ្នកនាំមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីទប់ទល់នឹងការឡើងកម្ដៅផែនដី ខណៈដែលប្រទេសនេះត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅឆ្នាំក្រោយ គឺ COP26 នៅ Glasgow ។ ប្រទេសនេះបានប្តេជ្ញាថា នឹងសម្រេចគោលបំណងកាត់បន្ថយការបំភាយឱ្យនៅត្រឹមសូន្យនៅឆ្នាំ២០៥០។

    ប្រទេសនេះក៏បាននិយាយកាលពីខែមុនថា ខ្លួននឹងហាមឃាត់ការលក់រថយន្តសាំង និងរថយន្តម៉ាស៊ូតថ្មីនៅឆ្នាំ២០៣០ ផងដែរ។ គួរឱ្យដឹងដែរថា អង់គ្លេសនឹងរួមធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិតាមអ៉ីនធឺណេតនៅថ្ងៃទី១២ ខែធ្នូ ដើម្បីប្រារព្ធខួបលើកទី៥ នៃការអនុម័តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ ប្រទេសនេះមានផែនការតស៊ូមតិបន្ថែមទៀត ដើម្បីទប់ទល់នឹងកម្ដៅផែនដី៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: