ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ុន្មានថ្ងៃទៀតនេះ វៀតណាមនឹងចាប់ផ្ដើមសាកល្បងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ដែលខ្លួនបង្កើត នៅលើខ្លួនមនុស្ស

    BY autoadmin December 7, 2020
    ប៉ុន្មានថ្ងៃទៀតនេះ វៀតណាមនឹងចាប់ផ្ដើមសាកល្បងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ដែលខ្លួនបង្កើត នៅលើខ្លួនមនុស្ស

    ក្រសួងសុខាភិបាលវៀតណាមបាននិយាយថា ខ្លួនរំពឹងនឹងចាប់ផ្ដើមការសាកល្បងវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលផលិតដោយវៀតណាម ទៅលើមនុស្សចំនួន ២០នាក់ នៅក្នុងសប្ដាហ៍នេះ។ វ៉ាក់សាំងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថជីវសាស្ត្រ Nanogen JSC ហើយវ៉ាក់សាំងធ្លាប់បានឆ្លងកាត់ការសាកល្បងលើសត្វរួចហើយ បូករួមទាំងការវាយតម្លៃដោយទីភ្នាក់ងារវៀតណាម និងបរទេស។ សាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាវៀតណាមនឹងចាប់ផ្តើមការសាកល្បងវ៉ាក់សាំងលើមនុស្សនេះ ដោយមានអ្នកចូលរួមដែលមានសុខភាពល្អចំនួន ២០នាក់ នៅថ្ងៃទី១០ ខែធ្នូ ប៉ុន្មានថ្ងៃទៀតនេះ។

    ពួកគេមួយចំនួននឹងទទួលវ៉ាក់សាំងនៅថ្ងៃដំបូង ខណៈអ្នកស្ម័គ្រចិត្តដែលនៅសល់នឹងត្រូវទទួលវ៉ាក់សាំងក្នុងរយៈពេល ២៤ ទៅ ៤៨ ម៉ោងបន្ទាប់។ រយៈពេល ៣ខែ បន្ទាប់ពីការសាកល្បងនេះចប់ សាកលវិទ្យាល័យត្រូវបានគេរំពឹងថា នឹងអនុវត្តការសាកល្បងលើមនុស្សមួយក្រុមទៀត ដែលពាក់ព័ន្ធនឹងអ្នកស្ម័គ្រចិត្តប្រហែល ៤០០នាក់។ នៅក្រៅពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Nanogen វៀតណាមក៏មានវ៉ាក់សាំងសក្ដានុពលចំនួន ៣ ផ្សេងទៀតដែលខ្លួនកំពុងអភិវឌ្ឍផងដែរ ដោយមាន ២ កំពុងធ្វើការសាកល្បងលើសត្វ និងការវាយតម្លៃចាំបាច់។

    អ្នកផលិតវ៉ាក់សាំងផ្សេងទៀតត្រូវបានក្រសួងសុខាភិបាលរៀតណាម ប្រគល់ភារកិច្ចឱ្យសម្របសម្រួលជាមួយរុស្ស៊ីក្នុងដំណើរការផលិត។ គួរឱ្យដឹងដែរថា មានក្រុមហ៊ុនផលិតវ៉ាក់សាំងប្រមាណ ២០០ នៅជុំវិញពិភពលោក បានចូលរួមក្នុងការអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺ COVID-19 នេះឡើង។ ក្នុងនោះមន្ត្រីសុខាភិបាលម្នាក់បាននិយាយថា វៀតណាមរំពឹងថានឹងបញ្ចប់រាល់ការស្រាវជ្រាវ និងផលិតកម្មនៃវ៉ាក់សាំងដែលបង្កើតក្នុងស្រុករបស់ខ្លួននៅចុងឆ្នាំ២០២១៕

    អត្ថបទ៖ លីដា
    ប្រភព៖ Tuoitre News

    Share This Post: