ម្សិលមិញនេះ ឥណ្ឌូនេស៊ីទទួលបានវ៉ាក់សាំងជំងឺកូវីដ១៩ ជាង១លានដូសពីចិន ហើយជាង១លានដូសទៀតនឹងមកដល់ខែក្រោយ
ឥណ្ឌូនេស៊ី៖ ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ីគឺលោក Joko Widodo បានឲ្យដឹងតាមរយៈសារព័ត៌មាន Channel News Asia ថា កាលពីថ្ងៃអាទិត្យ ទី៦ ខែឆ្នូ ម្សិលមិញនេះ ប្រទេសឥណ្ឌូនេស៊ីបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាលើកដំបូងហើយ ដែលវ៉ាក់សាំងនេះត្រូវបានផ្ញើតាមកប៉ាល់មកពីប្រទេសចិន។ លោក Joko Widodo បានបន្តថា វ៉ាក់សាំងដែលឥណ្ឌូនេស៊ីទទួលបានជាលើកដំបូងនេះជាផលិតផលរបស់ក្រុមហ៊ុនផលិតឱសថចិនមានឈ្មោះថា Sinovac Biotech និងមានចំនួន ១,២ លានដូស ខណៈនៅដើមខែមករា ឆ្នាំ ២០២១ ខាងមុខនេះឥណ្ឌូនេស៊ីនឹងទទួលវ៉ាក់សាំងចំនួន ១,៨ លានដូសបន្ថែមទៀតផងដែរ។

ក្រៅតែពីទទួលបានវ៉ាក់សាំងដែលអាចប្រើប្រាស់បានភ្លាមៗ នៅចុងខែឆ្នូ ឆ្នាំ ២០២០ នេះ ឥណ្ឌូនេស៊ីក៏នឹងទទួលបានវត្ថុធាតុដើមសម្រាប់ផលិតវ៉ាក់សាំងនៅក្នុងស្រុកចំនួន ១៥ លានដូសនិងនៅក្នុងខែមករាឆ្នាំ ២០២១ ទទួលបានវត្ថុធាតុដើម្បីសម្រាប់ផលិតវ៉ាក់សាំងចំនួន ៣០ លានដូសបន្ថែមទៀតផងដែរ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះឥណ្ឌូនេស៊ីមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៥៧៥ ៧៩៦ ករណី និងស្លាប់ចំនួន ១៧ ៧៤០ ករណីផងដែរ ក្នុងចំណោមពលរដ្ឋសរុបប្រមាណជា ២៧០ លាននាក់៕


អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia