ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកមិនគួរមើលរំលង វិធីដើម្បីសង្គ្រោះក្មេងដែលកំពុងស្លាក់ទាំងនេះឡើយ

    BY Khmernote Media June 27, 2018
    អ្នកមិនគួរមើលរំលង វិធីដើម្បីសង្គ្រោះក្មេងដែលកំពុងស្លាក់ទាំងនេះឡើយ

    អត្ថបទខាងក្រោមនឹងបញ្ហាញឲ្យដឹងពីវិធីសម្គាល់បាននូវអាការៈក្មេងដែលកំពុងស្លាក់ ព្រមទាំងគន្លឺះមួយចំនួនដើម្បីសង្គ្រោះពួកគេ ៖

    វិធីដើម្បីសម្គាល់បានថាតើក្មេងកំពុងស្លាក់ ឬយ៉ាងណា ៖ សញ្ញានៃការស្លាក់ គឺមានច្រើនផ្សេងៗពីគ្នា។ ប្រសិនបើក្មេងម្នាក់កំពុងដកដង្ហើម ប៉ុន្តែក៏ក្អកក្នុងពេលជាមួយគ្នាដែរផងនោះ វាអាចមានន័យថា ផ្នែកខ្លះនៃផ្លូវដង្ហើមរបស់គេត្រូវបានរាំងស្ទះដោយអ្វីមួយ ដែលជាហេតុធ្វើឲ្យក្មេងបន្តការក្អកឥតឈប់ដើម្បីកម្ចាត់វត្ថុដែលជាប់គាំងចេញ។ ការក្អួតក៏អាចកើតមានដែរ ដោយសារចលនារេផ្លិចរបស់របស់រាងកាយដែលបណ្ដាលមកពីវត្ថុមិនស្គាល់ណាមួយជាប់នៅក្នុងបំពង់ក។ ប្រតិកម្មធម្មជាតិនៃរាងកាយទាំងនេះនឹងជួយសម្អាតបំពង់ករបស់កុមារដោយបង្ខំគ្មានការបង្អាក់ ឬបច្ចេកទេសពិសេសអ្វីឡើយ។

    ដំណាក់កាលដ៏លំបាកមួយទៀត គឺការដង្ហក់។ ប្រសិនបើក្មេងស្រាប់តែឈប់ក្អក ស្រែក ឬបញ្ចេញសម្លេងអ្វីភ្លាមៗនោះមានន័យថា អ្វីមួយកំពុងបាំងបិទផ្លូវដង្ហើមរបស់គេហើយ។ សម្លេងខ្សាវៗ ឬការបើកមាត់ប៉ុន្តែគ្មានសម្លេងក៏អាចចង្អុលបង្ហាញពីការស្លាក់ផងដែរ។ ការផ្លាស់ប្ដូរពណ៌នៃស្បែកភ្លាមៗទៅជាខៀវ ឬក្រហមស្រាល មិនអាចដកដង្ហើមចូល នោងហៀរទឹកមាត់ឥតឈប់ គឺជាអាការៈដ៏ច្បាស់របស់មនុស្សម្នាក់ដែលកំពុងថប់ដង្ហើម ឬពិបាកដកដង្ហើម។ ក្នុងករណីមួយចំនួន ការសន្លប់បាត់ស្មារតីអាចកើតមានឡើង។ ដើម្បីជួយក្មេង អ្នកត្រូវស្ងប់អារម្មណ៍ជាមុនសិន ហើយប្រញាប់ខលហៅរថយន្តសង្គ្រោះបន្ទាន់ភ្លាម។ ចាប់ផ្ដើមអនុវត្តន៍វិធីសង្គ្រោះបឋមមួយចំនួននៅមុនពេលគ្រូពេទ្យមកដល់។ កុំព្យាយាមលូកយកវត្ថុដែលជាប់ ដោយខ្លួនឯងជាមួយនឹងដៃផ្ទាល់ឲ្យសោះ ក៏ព្រោះវិធីនេះមានតែធ្វើឲ្យវត្ថុធ្លាក់ចូលកាន់តែជ្រៅទៅក្នុងបំពង់ដង្ហើមប៉ុណ្ណោះ។ យកវត្ថុចេញមាត់លុះត្រាណាតែអ្នកអាចឃើញវា។

    ១. ក្មេងមានវ័យក្រោម ១ ឆ្នាំ ៖ ភាគច្រើនទារកស្លាក់ជាមួយនឹងអាហារ ឬនៅពេលពួកគេក្អួតអាហារមកវិញ។ ហានិភ័យដែលក្មេងនឹងស្លាក់ ហើយចាប់ផ្ដើមថប់ដង្ហើមកើតមាននៅពេលពួកគេឃ្លានខ្លាំង ឬការដាក់ពួកគេស្ថិតក្នុងឥរិយាបទមិនត្រឹមត្រូវ ឬស្ត្រីជាម្ដាយចេញទឹកដោះច្រើនពេកដែលក្មេងលេបមិនទាន់។ បញ្ហានៃការស្លាក់ក៏អាចកើតឡើងផងដែរនៅពេលដែលសម្រាប់ក្មេងកិនមិនបានម៉ត់ល្អ។ មានវិធីសាស្ត្រមួយចំនួនដែលនឹងជួយរក្សាជីវិតកូនរបស់អ្នកនៅក្នុងស្ថានភាពបែបនេះ។

    – ដាក់ក្មេងផ្កាប់ពោះលើដៃរបស់អ្នក ហើយផ្អៀងក្បាលរបស់ទារកពីលើចុះក្រោម។ ប្រើដៃរបស់អ្នកទះត្រង់ចន្លោះឆ្អឹងស្លាបប្រចៀវចំនួន ៥ ដង។ ធ្វើវាឲ្យដូចអ្នកកំពុងព្យាយាមរំកិលវត្ថុដែលស្ទះជាប់ទៅកាន់មាត់។

    – ដាក់ក្មេងផ្ងារវិញ ដូច្នេះក្បាល គឺស្ថិតនៅក្រោមរាងកាយទាំងមូល។ ប្រើម្រាមដៃកណ្ដាល និងម្រាមដៃចង្អុល ចុចសង្កត់ផ្នែកខាងក្រោមនៃប្រអប់ឆ្អឹងជំនីចំនួន
    ៥ដង។

    ២. ក្មេងមានវ័យច្រើនជាង ១ ឆ្នាំ

    – ប្រើដៃរបស់អ្នកដើម្បីទប់ក្មេងឲ្យទ្រេតទៅមុខ បន្ទាប់មកចាប់ផ្ដើមប្រើកែងនៃបាតដៃវាយ ឬទះខ្លាំងៗត្រង់ចន្លោះឆ្អឹងស្លាបប្រចៀវរបស់ក្មេងចំនួន ៥ ដង។

    – បង្វែរក្មេងទៅមុខ ដើម្បីឲ្យគេបែរខ្នងមកកាន់អ្នក ត្រូវលត់ជង្គង់ចុះប្រសិនបើក្មេងតូច។ ប្រើដៃទាំងសងខាងរបស់អ្នកចាប់ចង្កេះរបស់ក្មេងឲ្យជាប់។ ក្ដាប់ដៃម្ខាង ហើយដាក់ដៃម្ខាងទៀតពីលើ។ សង្កត់ចុះចំនួន ៥ ដង លើផ្នែកដែលស្ថិតនៅចន្លោះឆ្អឹងជំនី និងផ្សិត។ អនុវត្តន៍សារឡើងវិញរហូតទាល់តែវត្ថុដែលស្លាក់នោះធ្លាក់ចេញមកក្រៅ។

    ប្រសិនបើក្មេងកំពុងគេង ហើយអ្នកគ្មានឱកាសលើកពួកគេឡើង អ្នកគួរតែធ្វើសកម្មភាពសង្គ្រោះផ្សេងពីខាងលើ។ បង្វែរក្មេងឲ្យគេងផ្ងារ ហើយអ្នកត្រូវលត់ជង្គង់ទល់នឹងក្បាលរបស់ក្មេង ហើយខ្ពស់ជាងត្រគាករបស់ពួកគេ។ ដាក់ដៃរបស់អ្នកត្រួតលើគ្នា ហើយប្រើកែងនៃបាតដៃសង្កត់ក្រោយទ្រូងរបស់ក្មេងក្នុងចលនារុញយឺតៗទៅកាន់ក្បាល។ អនុត្តន៍សារឡើងវិញរហូតដល់វត្ថុដែលស្លាក់ជាប់ចេញផុតពីបំពង់ក។ ប្រសិនបើដង្ហើមរបស់ក្មេងនៅតែមិនប្រក្រតី ឬពួកគេសន្លប់បាត់ស្មារតីបន្ទាប់ពីការយកវត្ថុដែលស្លាក់ចេញរួចនោះ អ្នកត្រូវតែធ្វើការបញ្ចូលដង្ហើម និងធ្វើចលនាបេះដូងឲ្យពួកគេភ្លាម។ ត្រូវចាំថាបច្ចេកទេសទាំងនេះមានភាពខុសគ្នាចំពោះទារក និងកុមារដែលធំហើយ៕

    អត្ថបទ ៖ ប៊ី

    ប្រភព ៖ Brightside

    Share This Post: