ពលរដ្ឋមានជំងឺកូវីដ១៩ចំនួន ៧នាក់ នៅប៉ាគីស្ថានបានស្លាប់ បន្ទាប់ពីមន្ទីរពេទ្យនៅទីនោះមិនមានអុកស៊ីសែនគ្រប់គ្រាន់
អ្នកនាំពាក្យបាននិយាយកាលពីថ្ងៃអាទិត្យថា ពលរដ្ឋដែលកំពុងព្យាបាលជំងឺ COVID-19 ចំនួន ៧នាក់ បានស្លាប់ បន្ទាប់ពីមន្ទីរពេទ្យធំបំផុតមួយនៅភាគពាយព្យនៃក្រុង Peshawar របស់ប្រទេសប៉ាគីស្ថាន បានអស់ការផ្គត់ផ្គង់អុកស៊ីសែន។ អ្នកនាំពាក្យនៅមន្ទីរពេទ្យ Khyber Teaching Hospital លោក Farhad Khan បាននិយាយថា អ្នកជំងឺបានស្លាប់នៅយប់ថ្ងៃសៅរ៍ នៅពេលដែលកន្លែងបញ្ចូលអុកស៊ីសែនវេជ្ជសាស្ត្រឱ្យមន្ទីរពេទ្យ មិនអាចផ្គត់ផ្គង់ឱ្យពួកគេបានទាន់ពេលវេលា។

លោក Khan បាននិយាយថា មន្ទីរពេទ្យដែលធំជាងគេទី២ នៅភាគពាយព្យនៃក្រុង Peshawar ត្រូវទទួលស៊ីឡាំងអុកស៊ីសែនរបស់ខ្លួន ពីអ្នកបញ្ចូលនៅឯ Rawalpindi ដែលជាទីក្រុងមួយមានចម្ងាយប្រហែល ១៩០គីឡូម៉ែត្រ ពីទីនោះ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលខេត្ត Taimur Saim Jhagra បានសរសេររៀបរាប់អំពីឧប្បត្តិហេតុនេះដោយនិយាយថា គណៈអភិបាលនៃមន្ទីរពេទ្យបានបញ្ជាឱ្យមានការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ហើយចាត់វិធានការក្នុងរយៈពេល ៤៨ម៉ោង ប្រឆាំងនឹងអ្នកពាក់ព័ន្ធ។ លោកបានសន្យាថា៖«រាល់អង្គហេតុទាំងអស់នៃករណីនេះនឹងត្រូវផ្សព្វផ្សាយជាសាធារណៈ»។
ជម្រាបដែរថាប្រទេសប៉ាគីស្ថានជាប្រទេសមួយ ដែលមានប្រជាជនប្រមាណ ២២០ លាននាក់ ហើយប្រទេសនេះមានអ្នកស្លាប់ដោយសារជំងឺ COVID-19 ប្រមាណ ៥៨នាក់ ក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ ដែលបានធ្វើឱ្យចំនួនស្លាប់សរុបមានដល់ ៨ ៣៦១ នាក់ ខណៈករណីសរុបមានជិត ៤១៦ ៥០០ នាក់៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia