ខេត្តមួយរបស់ជប៉ុនកំពុងប្រមូលបក្សីប្រមាណ ១៣៤,០០០ ក្បាល យកទៅសម្លាប់និងកប់ចោល ដោយសារការផ្ទុះឡើងនៃជំងឺផ្ដាសាយបក្សី
ក្រុមមន្រ្តីនៅក្នុងខេត្តហ៊ីរ៉ូស៊ីម៉ាភាគខាងលិចប្រទេសជប៉ុន កំពុងប្រមូលសត្វមាន់ប្រមាណ ១៣៤,០០០ ក្បាល យកទៅសម្លាប់និងកប់ចោល បន្ទាប់ពីវីរុសផ្តាសាយបក្សី H5 ត្រូវបានរកឃើញនៅកសិដ្ឋានក្នុងស្រុកមួយ។ ក្រុមមន្រ្តីនិយាយថា ពួកគេបានរកឃើញមាន់ងាប់នៅឯកសិដ្ឋានមួយក្នុងទីក្រុងមីហារ៉ា កាលពីថ្ងៃអាទិត្យ ហើយក្រោយមកក៏បានរកឃើញថា មាន់បានតេស្តវិជ្ជមានសម្រាប់វីរុសនោះ។

មន្ត្រីរដ្ឋបាលនិងសមាជិកនៃកងកម្លាំងស្វ័យការពារជប៉ុនបានចាប់ផ្តើមធ្វើការរួមគ្នា ដើម្បីសម្លាប់សត្វមាន់កាលពីថ្ងៃច័ន្ទ ដោយមានគ្នាប្រហែលជា ៨៦០នាក់ ត្រូវបានបញ្ជូនទៅធ្វើកិច្ចការនេះ។ រដ្ឋាភិបាលក្នុងតំបន់និយាយថា ខ្លួននឹងពិចារណាពីវិធីដោះស្រាយជាមួយសត្វមាន់ដែលមានជំងឺ ហើយថាបក្សីដែលងាប់អាចត្រូវបានកប់នៅក្នុងដី។
មន្ត្រីនិយាយថា ពួកគេបានហាមឃាត់ការដឹកជញ្ជូនមាន់ និងស៊ុតក្នុងចម្ងាយ ៣ គីឡូម៉ែត្រ ពីកសិដ្ឋាននោះ ខណៈកសិករក្នុងរង្វង់ ១០ គីឡូម៉ែត្រ នៃកសិដ្ឋានក៏ត្រូវបានហាមឃាត់មិនឱ្យដឹកមាន់ និងស៊ុតនៅខាងក្រៅតំបន់នោះដែរ។ នៅតំបន់នោះមានកសិដ្ឋានចិញ្ចឹមសត្វចំនួន ១៣ ដែលត្រូវបង្កើនការប្រុងប្រយ័ត្ន ខណៈក្នុងនោះមាន ៧ ទីតាំង ដែលមន្ត្រីបានចុះទៅបាញ់ថ្នាំសម្លាប់មេរោគលើយានយន្តចេញនិងចូលក្នុងតំបន់នោះ ហើយមន្ត្រីក៏កំពុងបន្ដតាមដានថានឹងមានមាន់ស្លាប់បន្ដឬអត់ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK