មហាសេដ្ឋីលោក Jeff Bezos មានគម្រោងបញ្ជូនស្ត្រីជាលើកដំបូងបំផុត ទៅកាន់ភពព្រះច័ន្ទនៅឆ្នាំ២០២៤
លោក Jeff Bezos បានមានប្រសាសន៍ថា ក្រុមហ៊ុនអវកាសរបស់លោកនឹងបញ្ជូនស្ត្រីម្នាក់ ទៅកាន់ភពព្រះច័ន្ទជាលើកដំបូងនាពេលឆាប់ៗនេះ។ មហាសេដ្ឋីម្ចាស់ក្រុមហ៊ុន Amazon រូបនេះបានប្រកាសពីចេតនារបស់គាត់នៅលើបណ្តាញសង្គម Instagram ដោយបង្ហោះវីដេអូនៃការធ្វើតេស្តម៉ាស៊ីនមួយ នៅមជ្ឈមណ្ឌលអវកាស NASA Marshall ក្នុងទីក្រុង Huntsville រដ្ឋ Alabama ។

គាត់បានសរសេរថា៖ «នេះ (BE-7) គឺជាក្បាលម៉ាស៊ីនដែលនឹងនាំស្ត្រីដំបូងទៅលើភពព្រះច័ន្ទ»។ លោកបានមានប្រសាសន៍ថា ម៉ាស៊ីននេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអវកាស Blue Origin របស់លោកផ្ទាល់ ហើយធ្លាប់សាកល្បងវាចំនួន ១ ២៤៥ វិនាទី រួចមកហើយ។ ម៉ាស៊ីននេះនឹងផ្តល់ថាមពលដល់យានចុះចតភពព្រះច័ន្ទ National Team Human Landing របស់ក្រុមហ៊ុន។
ក្រុមហ៊ុន Blue Origin កំពុងប្រកួតប្រជែងជាមួយក្រុមហ៊ុន SpaceX របស់លោក Elon Musk និងក្រុមហ៊ុន Dynetics ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Leidos ដើម្បីឈ្នះកិច្ចសន្យាក្នុងការបង្កើតប្រព័ន្ធចុះចតភពព្រះច័ន្ទឱ្យអង្គការណាសា ដើម្បីយកមនុស្សរួមទាំងស្ត្រីដំបូង ទៅកាន់ភពព្រះច័ន្ទនៅឆ្នាំ២០២៤ ដែលជាផ្នែកមួយនៃកម្មវិធី Artemis របស់ខ្លួន។
ក្រុមហ៊ុនចំនួន ៣ ក្នុងចំណោមក្រុមហ៊ុនទាំង ៣ នឹងត្រូវបានជ្រើសរើសនៅខែមីនា ដើម្បីបន្តកសាងគំរូរបស់ពួកគេ ទោះបីជាមានការព្រួយបារម្ភអំពីកង្វះថវិកាដែលផ្តល់ឱ្យអង្គការណាសាដោយសភាអាមេរិកក៏ដោយ។ វាក៏នៅតែមិនច្បាស់លាស់ដែរថា តើរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ដែលដឹកនាំដោយប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន នឹងយកការរុករកអវកាសជាអាទិភាពឬអត់៕


អត្ថបទ៖ លីដា
ប្រភព៖ SKY News