គិតមកទល់ពេលនេះគឺរយៈពេលមួយឆ្នាំ ចាប់តាំងពីប្រទេសចិនរកឃើញរោគសញ្ញាដំបូងនៃអ្នកជំងឺកូវីដ១៩
គិតមកទល់ពេលនេះគឺរយៈពេលមួយឆ្នាំហើយ ចាប់តាំងពីមនុស្សដំបូងត្រូវបានគេអះអាងថា បានឆ្លងវីរុសកូរ៉ូណានៅក្នុងទីក្រុងវូហាន នៃប្រទេសចិន និងត្រូវបានគេជឿជាក់ថា បានចាប់ផ្តើមបង្ហាញរោគសញ្ញានៅពេលនោះ។ អាជ្ញាធរចិនបាននិយាយថា ពួកគេបានរកឃើញរោគសញ្ញារលាកសួតពីអ្នកជំងឺ COVID-19 កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ហើយមួយឆ្នាំក្រោយមកវានៅតែមិនទាន់ច្បាស់ថា តើវីរុសនោះមកពីណា និងពីរបៀបដែលវាត្រូវបានចម្លងទៅមនុស្ស ក៏នៅតែមិនទាន់មានចម្លើយ។

នៅក្នុងខែកុម្ភៈអ្នកជំនាញរដ្ឋាភិបាលចិនបាននិយាយថា វីរុសនេះទំនងជាមានដើមកំណើតពីសត្វប្រចៀវ ហើយលោតមករកមនុស្សតាមរយៈសត្វពង្រូល។ ប៉ុន្តែក្រោយមកពួកគេបានលើកឡើងថា វីរុសនេះត្រូវបានរកឃើញជាបន្ដបន្ទាប់ពីអាហារនាំចូលពីបរទេស ដូច្នេះពួកគេមិនអាចបដិសេធនូវលទ្ធភាពដែលថា វាអាចដែលជំងឺនេះបានឆ្លងពីបរទេសចូលមកចិន។
នៅក្នុងខែកក្កដាអង្គការសុខភាពពិភពលោក (WHO) បានបញ្ជូនក្រុមស៊ើបអង្កេតមួយទៅកាន់ទីក្រុងប៉េកាំង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់ពីប្រភពដើមនៃវីរុសនេះ ប៉ុន្តែពួកគេនៅមិនទាន់ធ្វើការស្ទង់មតិឱ្យបានលម្អិតនៅក្រុងវូហាននៅឡើយទេ។ ប្រការនេះវានាំឱ្យមានការព្រួយបារម្ភពីសហគមន៍អន្តរជាតិ អំពីអ្វីដែលហាក់ដូចជាជំហរមិនសហការរបស់ចិន នៅក្នុងការស្វែងរកមូលហេតុនៃវីរុសនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK