ព្រលានយន្តហោះយក្សរបស់សិង្ហបុរី ចង់ក្លាយខ្លួនជាទីតាំងចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ធំជាងគេសម្រាប់តំបន់អាស៊ីអាគ្នេយ៍
អាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរី ចង់ក្លាយជាមជ្ឈមណ្ឌលចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដោយបង្កើនសមត្ថភាពការផ្ទុកក្នុងសីតុណ្ហភាពត្រជាក់ និងបង្កើតក្រុមការងារមួយ ដើម្បីត្រួតពិនិត្យលើគម្រោងនេះ។ ក្រុមការងារ Changi Ready Task Force គឺជាសម្ព័ន្ធរបស់ក្រុមហ៊ុន និងក្រុមចំនួន ១៨ រួមមានអាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី និងក្រុមហ៊ុន Changi Airport Group ។ បេសកកម្មរបស់ខ្លួនគឺធ្វើឱ្យប្រសើរឡើងនូវគ្រឿងបរិក្ខារនានា ក្នុងគោលបំណងបង្កើនការសម្របសម្រួលគ្នានៅទូទាំងឧស្សាហកម្មទាំងមូល និងធ្វើឱ្យដំណើរការនៃការចាក់វ៉ាក់សាំង COVID-19 មានភាពរលូន។

ការដឹកជញ្ជូនវ៉ាក់សាំងនេះអាចជួយជំរុញឧស្សាហកម្មអាកាសចរណ៍ក្នុងស្រុករបស់ខ្លួន ដែលកំពុងតែរងគ្រោះដោយសារកង្វះការធ្វើចរាចរណ៍ផ្លូវអាកាស បន្ទាប់ពីការបិទព្រំដែនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត។ គេបានរំពឹងទុកផងដែរថា ការធ្វើឱ្យមានភាពរលូនក្នុងការចែកចាយវ៉ាក់សាំងនេះ នឹងអាចនាំឱ្យការធ្វើដំណើរតាមអាកាសមានភ្ញៀវឡើងវិញ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ Changi បានចំណាយធនធានច្រើនណាស់ សម្រាប់ការដឹកជញ្ជូនផលិតផលវេជ្ជសាស្ត្រ ខណៈមានក្រុមហ៊ុនជាច្រើនក៏បានដាក់ដើមទុនរួចហើយជាមួយសកម្មភាពនេះ។

ព្រលានយន្តហោះ Changi នឹងបម្រើខ្លួនជាអ្នកដឹកជញ្ជូនវ៉ាក់សាំងពីអឺរ៉ុប និងអាមេរិក ហើយឥឡូវនេះមានវ៉ាក់សាំងចំនួន ២ របស់ក្រុមហ៊ុន Pfizer / BioNTech និងក្រុមហ៊ុន Moderna គឺជាប្រភេទវ៉ាក់សាំង ដែលត្រូវការភាពត្រជាក់ចាំបាច់ដើម្បីរក្សាគុណភាព និងប្រសិទ្ធភាពរបស់វា ជាមួយនឹងត្រូវការការផ្ទុកក្នុងសីតុណ្ហភាព -៧០ និង -២០ អង្សាសេ។ វ៉ាក់សាំងនឹងត្រូវចែកចាយនៅអាស៊ីអាគ្នេយ៍ និងអូសេអានី ហើយការដែល Changi បង្កើនសមត្ថភាពទាំងនេះ វានឹងជួយជ្រោមជ្រែងដល់ទីក្រុងនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលខ្វះខាតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

ព្រលានយន្តហោះ Changi បានក្លាយជាមជ្ឈមណ្ឌលអាស៊ីដ៏សំខាន់ ដែលភ្ជាប់អ្នកដំណើរតំបន់ខាងលិច និងអាស៊ី ទៅកាន់គោលដៅរបស់ពួកគេ។ ប៉ុន្តែរោគរាតត្បាតបានបណ្តាលឱ្យបណ្តាប្រទេសនៅលើពិភពលោកបិទព្រំដែន ហើយចរាចរណ៍អ្នកដំណើរបានធ្លាក់ចុះចាប់តាំងពីខែមីនា។ លោក Lim Ching Kiat នាយកគ្រប់គ្រងក្រុមហ៊ុនអាកាសយានដ្ឋាន Changi បានមានប្រសាសន៍ថា នៅពេលដែលវ៉ាក់សាំងត្រូវបានចែកចាយ ការធ្វើដំណើរតាមផ្លូវអាកាសនឹងមានការងើបឡើងវិញ ដែលនឹងនាំឱ្យមានសន្ទុះនៃចរាចរណ៍ផ្លូវអាកាស៕

អត្ថបទ៖ លីដា
ប្រភព៖ Nikkei