លោក ចូ បៃដិន មានបំណងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យពលរដ្ឋយ៉ាងតិច ១០០ លាននាក់ នៅក្នុងអំឡុងពេល ១០០ ថ្ងៃដំបូងនៃការកាន់តំណែងជាផ្លូវការ
ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន បានមានប្រសាសន៍ថា លោកមានគោលបំណងផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់ប្រជាជនអាមេរិកយ៉ាងតិច ១០០ លាននាក់ ក្នុងរយៈពេល ១០០ថ្ងៃ ដំបូងនៅក្រោមការដឹកនាំដោយរដ្ឋបាលរបស់លោក។ លោក ចូ បៃដិន បានថ្លែងបែបនេះនៅក្នុងសន្និសិទកាសែតមួយកាលពីថ្ងៃអង្គារ ដើម្បីណែនាំឱ្យស្គាល់នូវសមាជិកកំពូលនៃក្រុមរបស់គាត់ដែលនឹងត្រូវឆ្លើយតបទៅនឹងជំងឺ COVID-19 ខណៈដែលរដ្ឋបាលរបស់លោកនឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឆាប់ៗនេះ។

គាត់បាននិយាយថា៖«សមាជិកទាំងអស់នឹងត្រៀមខ្លួនជាស្រេចចាប់តាំងពីថ្ងៃដំបូង ដើម្បីជួយសម្រួលកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីឱ្យជំងឺរាតត្បាតនេះស្ថិតក្រោមការគ្រប់គ្រង ដូច្នេះយើងអាចត្រឡប់ទៅធ្វើការវិញ ត្រឡប់ទៅជីវិតរបស់យើង ត្រឡប់ទៅរកមនុស្សជាទីស្រឡាញ់របស់យើងវិញ»។ លោកបាននិយាយថា លោកនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីស្នើសុំឱ្យពលរដ្ឋទាំងអស់នៅក្នុងព្រំដែននៃច្បាប់ ពាក់ម៉ាស់នៅទីសាធារណៈ នៅក្នុងអំឡុងពេល ១០០ ថ្ងៃដំបូងរបស់លោកនៅក្នុងការិយាល័យ។
លោកបាននិយាយថា លោកក៏គ្រោងនឹងផ្ដល់ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់ ១០០ លានដូស ហើយនឹងព្យាយាមបើកសាលារៀនឱ្យបានភាគច្រើនឡើងវិញ នៅក្នុងរយៈពេល ១០០ថ្ងៃ ដំបូងនៃការកាន់តំណែងជាផ្លូវការរបស់លោក។ ប្រធានាធិបតីជាប់ឆ្នោតរូបនេះបាននិយាយថា៖« ១០០ ថ្ងៃដំបូងរបស់ខ្ញុំនឹងមិនបញ្ចប់វីរុសជំងឺ COVID ទេ»។ ប៉ុន្តែលោកបានបន្ថែមថា៖«យើងអាចផ្លាស់ប្ដូរការឆ្លងរាលដាលនៃជំងឺ និងផ្លាស់ប្តូរជីវិតនៅអាមេរិកឱ្យប្រសើរឡើងវិញ»៕


អត្ថបទ៖ លីដា
ប្រភព៖ NHK