ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុគ្គលិកពេទ្យអង់គ្លេសចំនួន ២នាក់ បានប្រតិកម្មអាឡែកស៊ី បន្ទាប់ពីទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

    BY autoadmin December 9, 2020
    បុគ្គលិកពេទ្យអង់គ្លេសចំនួន ២នាក់ បានប្រតិកម្មអាឡែកស៊ី បន្ទាប់ពីទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានរាយការណ៍ថា បុគ្គលិកពេទ្យរបស់ NHS ចំនួន ២នាក់ ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer/BioNTech កាលពីថ្ងៃអង្គារ មានបញ្ហារងនូវប្រតិកម្មអាឡែកស៊ីពីការចាក់វ៉ាក់សាំងនោះ។ យ៉ាងណាឥឡូវនេះពួកគេទាំង ២នាក់ កំពុងជាសះស្បើយវិញហើយបន្ទាប់ពីថ្ងៃទី១ នៃកម្មវិធីចាក់ថ្នាំបង្ការរោគទ្រង់ទ្រាយធំមួយ ដែលរៀបចំដោយរដ្ឋាភិបាលអង់គ្លេស។ សេវាសុខភាពជាតិ NHS បាននិយាយថា ដំណើរការចាក់វ៉ាក់សាំង ក៏ដូចជាទំនុកចិត្តដែលពាក់ព័ន្ធនឹងកម្មវិធីចាក់វ៉ាក់សាំង គឺត្រូវបានជូនដំណឹងជាសាធារណៈ។

    មានន័យថាបុគ្គលិកចាក់វ៉ាក់សាំងនឹងត្រូវការយកចិត្តទុកដាក់បន្ថែមទៀត លើបញ្ហាប្រវត្តិរបស់អ្នកទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ថាតើពួកគេអាចអាឡែកស៊ីលើវ៉ាក់សាំង ឬអាហារ ដូចអ្នកទាំង ២នាក់ ឬទេ ដូច្នេះពួកគេនឹងមិនគួរចាក់វ៉ាក់សាំងនោះឡើយ។ ជម្រាបដែរថា អង់គ្លេសទើបតែចាប់ផ្ដើមការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ កាលពីម្សិលមិញនេះ នៅក្នុងអ្វីដែលរដ្ឋាភិបាលហៅថាជាការទប់ស្កាត់ការឆ្លងរីករាលដាល។ ការចាក់វ៉ាក់សាំងសប្ដាហ៍ដំបូងនឹងផ្ដោតលើចាស់ជរា បុគ្គលិកពេទ្យ និងអ្នកធ្វើការសង្គម ហើយរដ្ឋមានគម្រោងនឹងចាក់វ៉ាក់សាំងឱ្យបានដល់ពលរដ្ឋភាគច្រើន នៅមុនថ្ងៃបុណ្យណូអែល និងចូលឆ្នាំសាកល។

    ការចាក់វ៉ាក់សាំងថ្នាក់ជាតិត្រូវបានដាក់ឱ្យដំណើរការនៅមន្ទីរពេទ្យចំនួន ៧០ នៅចក្រភពអង់គ្លេស ហើយលោកយាយ Margaret Keenan អាយុ ៩០ឆ្នាំ មកពីក្រុង Coventry គឺជាមនុស្សដំបូងគេដែលបានទទួលយកវ៉ាក់សាំងនេះ។ គាត់បាននិយាយថា វាជាកាដូយ៉ាងធំមួយសម្រាប់គាត់ ដោយសារគាត់អាចរីករាយជាមួយគ្រួសារនៅអំឡុងពេលឆ្លងឆ្នាំថ្មីនេះ ហើយសប្ដាហ៍ក្រោយគឺគាត់នឹងឈានដល់អាយុ ៩១ឆ្នាំ ហើយ។ គាត់បន្ថែមថា បើគាត់អាយុ ៩០ឆ្នាំ អាចទទួលយកវាបាន គ្រប់គ្នាគួរតែហ៊ានទទួលយកវ៉ាក់សាំងនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Daily Mail

    Share This Post: