ស្ត្រីម្នាក់ដាក់ពាក្យប្តឹងទៅតុលាការ ដោយសារខឹងសង្សារស្រលាញ់គ្នាយូរហើយមិនព្រមចូលស្តីដណ្តឹង
ស្ត្រីម្នាក់សម្រេចដាក់ពាក្យប្តឹងបុរសជាសង្សារខ្លួនឯង ព្រោះតែខឹងនឹងមិត្តប្រុសរូបនេះមិនព្រមសុំនាងរៀបការទាល់តែសោះ បន្ទាប់ពីស្រលាញ់គ្នាអស់រយៈពេល៨ឆ្នាំមក។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Ndola នៃប្រទេ Zambia ខណៈស្រ្តីជាដើមបណ្ដឹងមានឈ្មោះថា Gertrude Ngoma អាយុ ២៦ ឆ្នាំ និងបុរសជាសង្សារមានឈ្មោះថា Herbert Salaliki អាយុ ២៨ ឆ្នាំ។ តាមពាក្យបណ្ដឹងរបស់អ្នកនាង Gertrude Ngoma បានបញ្ជាក់ ពេលចាប់ផ្តើមស្រលាញ់គ្នាដំបូងលោក Herbert Salaliki បានបង្ហាញអំពីគម្រោងរៀបការច្បាស់លាស់ណាស់ តែរហូតមកទល់នឹងពេលនេះគាត់នៅតែមិនព្រមសុំនាងរៀបការទៀត ខណៈពួកគាត់មានកូនម្នាក់ជាចំណងដៃស្នេហាដែលមានរយៈពេល ៨ ឆ្នាំនេះទៀតផង។

រូបតំណាង
យ៉ាងណាក្តី លោក Herbert Salaliki បានឲ្យដឹងថា មូលហេតុដែលគាត់មិនទាន់សម្រេចចិត្តរៀបការក៏ព្រោះតែគាត់មិនទាន់មានលុយគ្រប់គ្រាន់ តែមិនមែនគាត់គ្មានការទទួលខុសត្រូវនោះទេ។ ចំពោះខាងតុលាការវិញបានឆ្លើយតបថា ចំពោះករណីខាងលើនេះតុលាការមិនអាចជួយអ្វីបានច្រើននោះទេព្រោះតែវាមិនមែនជាករណីបទល្មើសដែលត្រូវដោះស្រាយតាមផ្លូវច្បាប់ ហើយខាងតុលាការបានណែនាំឲ្យស្រ្តីជាម្ចាស់ដើមបណ្ដឹងរាយការណ៍ករណីនេះជូនឪពុកម្តាយទាំងសងខាងនិងលោកអាចារ្យដែលទទួលបន្ទុករៀបចំកម្មពិធីមង្គលការវិញប្រហែលជាមានដំណោះស្រាយឲ្យនាងអាចរៀបការតាមបំណងបាន៕

រូបតំណាង
អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail