ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាមួួយដែលចេញផ្សាយដោយ CDC អាមេរិកបានបង្ហាញថា ជំងឺកូវីដ១៩ មាននៅប្រទេសអ៉ីតាលី តាំងពីខែវិច្ឆិកាឆ្នាំមុនមកម៉្លេះ

    BY autoadmin December 10, 2020
    ការសិក្សាមួួយដែលចេញផ្សាយដោយ CDC អាមេរិកបានបង្ហាញថា ជំងឺកូវីដ១៩ មាននៅប្រទេសអ៉ីតាលី តាំងពីខែវិច្ឆិកាឆ្នាំមុនមកម៉្លេះ

    របាយការណ៍ថ្មីមួយដែលចេញផ្សាយដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិកបានឱ្យដឹងថា វីរុសកូរ៉ណាអាចមាននៅក្នុងប្រទេសអ៉ីតាលី តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០១៩ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN ។ ការសិក្សាដឹកនាំដោយអ្នកវិទ្យាសាស្ត្រនៅឯសាកលវិទ្យាល័យមីឡាន ដោយបានវិភាគលើសំណាកដែលប្រមូលបានពីអ្នកជំងឺចំនួន ៣៩នាក់ នៅចន្លោះខែកញ្ញាឆ្នាំ២០១៩ ដល់ខែកុម្ភៈឆ្នាំ២០២០ ហើយពួកគេបានរកឃើញលទ្ធផលវិជ្ជមានមួយ ដែលត្រូវបានបញ្ជាក់ថាជាជំងឺ COVID-19 ។

    អ្នកវិទ្យាសាស្ត្របានកំណត់សំណាកមួយ ដែលយកពីក្មេងប្រុសម្នាក់អាយុ ៤ឆ្នាំ ដែលរស់នៅម្ដុំទីក្រុងមីឡាន ប្រទេសអ៉ីតាលី កាលពីខែធ្នូ ឆ្នាំ២០១៩។ អ្នកជំងឺម្នាក់នោះមិនធ្លាប់មានប្រវត្តិទៅបរទេសនោះទេ ហើយបានចេញរោគសញ្ញាក្អក និងរលាកច្រមុះ នៅអំឡុងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្រោយមកក្មេងប្រុសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីចេញរោគសញ្ញាផ្លូវដង្ហើម និងក្អួត។ នៅខែធ្នូឆ្នាំដដែល ក្មេងប្រុសចាប់ផ្ដើមចេញកន្ទួលក្រហម ហើយសំណាករបស់ក្មេងប្រុសត្រូវបានរក្សាក្រោមការសង្ស័យថាមានជំងឺកញ្ច្រិល។

    ដូច្នេះហើយអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថា ជំងឺ COVID-19 (SARS-CoV-2) ការពិតទៅគឺមានវត្តមាននៅអ៉ីតាលីមុន ៣ខែ នៃការប្រកាសជាផ្លូវការនៃករណីដំបូងទៅទៀត។ ការរកឃើញនេះគឺស្របគ្នាជាមួយភស្តុតាងដទៃ ទាក់ទងនឹងការចម្លងដំបូងនៅអឺរ៉ុប ដែលមានចាប់ពីចុងឆ្នាំ២០១៩រហូតមក។ ក្រុមអ្នកស្រាវជ្រាវបានបន្ថែមទៀតថា ការស្រាវជ្រាវនេះបានពង្រីកចំណេះដឹងអំពីពេលវេលា និងផែនទីនៃការចម្លងរបស់ជំងឺកាន់តែច្បាស់ថែមទៀត។

    គួរឱ្យដឹងដែរថា អ៉ីតាលីបានរាយការណ៍អំពីករណីជំងឺ COVID-19 ដំបូងបង្អស់របស់ខ្លួននៅក្នុងតំបន់ Lombardy កាលពីថ្ងៃទី២១ ខែកុម្ភៈ និងជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសលោកខាងលិចដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយសាររោគរាតត្បាតនេះ។ យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសនេះបានរាយការណ៍ថា មានករណីថ្មីចំនួន ១២ ៧៥៦ ត្រូវបានកត់ត្រាកាលពីថ្ងៃពុធ ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ជាង ១.៧៧ លាននាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: