ប្រសិនបើមិនចង់ជួបប្រទះនឹងបញ្ហាទេនោះ ចូរកុំរើសរបស់ធម្មតាៗមួយចំនួនទាំងនេះឲ្យសោះ
ចិញ្ចៀនដ៏ស្រស់ស្អាត កាបូបពេញដោយលុយ កាសឥតខ្សែសេរ៊ីថ្មី -ល- គឺជារបស់ដែលធ្វើឲ្យយើងមានអារម្មណ៍ថា ត្រូវបង្ខំចិត្តរើសវា។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរធ្វើដូចនេះឡើយ ក៏ព្រោះសកម្មភាពទាំងនេះអាចបង្កបញ្ហាជាច្រើនចំពោះអ្នក។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីរបស់ធម្មតាប្រចាំថ្ងៃមួយចំនួនដែលអ្នកមិនគួររើស ៖
១. កាបូបលុយ ឬស្រោមសំបុត្រមានលុយ ៖ ចូរប្រយ័ត្ន! ទោះបីជាគោលបំណងនៃការរើសរបស់អ្នក គឺបរិសុទ្ធ ឬមានគម្រោងថានឹងយកទៅប្រគល់ឲ្យប៉ូលីសក៏ដោយ។ ក្នុងករណីនេះ អ្នកប្រហែលជាត្រូវជាប់ក្នុងអន្ទាក់ចាស់គំរិលមួយរបស់ជនខិលខូចហើយ។ នៅពេលដែលអ្នករើសកាបូបដែលជ្រុះនោះ សាក្សីណាម្នាក់អាចបង្ហាញខ្លួនទាមទារចំណែកពាក់កណ្ដាលនៃចំនួនទឹកប្រាក់ដែលអ្នកបានឃើញ ឬរើសបាន បន្តិចក្រោយមកម្ចាស់នៃកាបូបក៏នឹងបង្ហាញខ្លួនបន្ទាប់ ហើយចោទអ្នកថាបានលួចកាបូបរបស់គេ។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថាដូចជាកំពុងតែមាននរណាម្នាក់ដើរតាម ចូរប្រយ័ត្នឲ្យមែនទែនក្នុងការរើសយករបស់អ្វីមួយ។

២. គ្រឿងអលង្ការដែលមើលទៅមានតម្លៃថ្លៃ (ចិញ្ចៀន ក្រវិល បន្តោងត្បូង ឬខ្សែក ជាដើម) ៖ វាក៏ជាល្បិចបោកបញ្ឆោតចាស់គំរិលមួយដែរ។ នៅតាមផ្លូវ អ្នកប្រហែលជាបានឮជនស្លៀកពាក់ស្អាតបាតណាម្នាក់ស្រែកហៅអ្នក និងចង្អុលទៅកាន់គ្រឿងអលង្ការមានតម្លៃមួយនៅលើដី ហើយគេអាចនឹងធ្វើជាប្រាប់អ្នកថាគេមិនចង់បានរបស់នេះទេចែកជា ២ ជាមួយអ្នកទេ ប៉ុន្តែគេនឹងសប្បាយចិត្តប្រសិនបើអ្នកឲ្យប្រាក់គេមួយចំនួនជំនួសវិញ។ ជាលទ្ធផលប្រសិនបើអ្នកចង់បាន ហើយសុខចិត្តឲ្យប្រាក់មួយចំនួនទៅគេនោះ អ្នកនឹងស្ដាយក្រោយជាមិនខាន ក៏ព្រោះគ្រឿងអលង្ការដែលមើលទៅថ្លៃស្រស់ស្អាតនោះ គ្រាន់តែជារបស់ក្លែងក្លាយ។

៣. កាស ៖ បញ្ហានៃការរើសកាសពីកន្លែងណាមួយយកមកប្រើនោះ គឺការឆ្លងមេរោគផ្សេងៗដែលបន្សល់ទុកពីម្ចាស់កាសមុន។

៤. កាំបិត ឬវត្ថុណាមួយដែលអាចប្រើជាអាវុធ ៖ ប្រសិនបើអ្នកមិនចង់មានបញ្ហាជាមួយប៉ូលីសទេនោះ ចូរកុំរើសកាំបិត កាំភ្លើង ឬវត្ថុណាមួយដែលអាចប្រើជាអាវុធពីតាមផ្លូវ ឬកន្លែងណាមួយឲ្យសោះ។ របស់ទាំងនេះអាចជាផ្នែកមួយនៃអំពើបទល្មើស។

៥. វត្ថុលោហៈគួរឲ្យសង្ស័យដែលបានរកឃើញនៅក្នុងតំបន់ធ្លាប់មានសកម្មភាពយោធា ៖ របស់ទាំងនោះអាចជាគ្រឿងផ្ទុះ។ ភាគច្រើនដែលនឹងអាចត្រូវប្រទះឃើញ គឺគ្រាប់បែកដៃ មីន សំបកគ្រាប់កាំភ្លើង ឬគ្រាប់កាំភ្លើង។ ដើម្បីជៀសវាងការផ្ទុះគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើអ្នកប្រទះឃើញនូវរបស់ទាំងនេះ ចូរនៅឲ្យឆ្ងាយកុំប៉ះពាល់ឲ្យសោះ ហើយប្រញាប់ធ្វើការរាយការណ៍ទៅកាន់សមត្ថកិច្ចភ្លាម។

៦. ម្ជុល ៖ ប្រសិនបើអ្នកប្រទះឃើញសឺរាុំងដែលប្រើរួច ម្ជូលចាក់ថ្នាំ ឬម្ជូលដេរនៅមាត់ទ្វារ ឬនៅសាលនៃអគារផ្ទះល្វែងរបស់អ្នក ឬនៅកន្លែងផ្សេងៗ ចូរកុំរើសឲ្យសោះមិនថាកំពុងស្ថិតក្រោមស្ថានភាពណាក៏ដោយ។ អ្នកប្រហែលជានឹងមិនកើតជំងឺអេសដ៍ទេប្រសិនបើមិនមុតនោះ ប៉ុន្តែការចាប់កាន់ ឬប៉ះរបស់ទាំងនេះអាចបណ្ដាលឲ្យអ្នកឆ្លងមេរោគរលាកថ្លើមបានយ៉ាងងាយ។

៧. ស៊ីមកាត ៖ ការរើសស៊ីមកាតពីកន្លែងណាមួយយកមកប្រើប្រាស់អាចបង្កជាបញ្ហាស្មុគស្មាញដល់អ្នកបាន ដោយអ្នកអាចនឹងត្រូវជាប់ចោទពីបទល្មើសណាមួយដែលម្ចាស់ស៊ីមមុនបានប្រព្រឹត្ត។ ដូច្នេះដើម្បីជៀសវាងការសាកសួរពីសំណាក់សមត្ថកិច្ច ចូរកុំរើសស៊ីមកាតដែលគេបោះចោលយកមកប្រើប្រាស់។

៨. កូនបក្សី ដង្កូវមេអំបៅ ឬកូនសត្វកាំប្រមា ៖ ទោះជាអ្នកចង់ជួបសត្វព្រៃក៏ដោយ ក៏អ្នកមិនគួរប៉ះ ឬចាប់វាឡើយ។ ប្រសិនបើអ្នកឃើញកូនបក្សីតូចធ្លាក់ពីសំបុក អ្នកមិនគួររើសវាឡើយ ក៏ព្រោះឪពុកម្ដាយរបស់វាកំពុងតែតាមរកហើយ។ អ្នកមិនអាចចិញ្ចឹមកូនបក្សីតូចនៅផ្ទះបានទេ ដោយសារនៅអាយុប៉ុននេះវាអាចស៊ីតែដង្កូវតូចៗប៉ុណ្ណោះ។ ចំណែកឯដង្កូវមេអំបៅដែលមានពណ៌ភ្លឺស្រស់ស្អាតអាចបញ្ចេញជាតិពុល ហើយកូនកាំប្រមាវិញជាញឹកញយច្រើនតែមានផ្ទុកជំងឺ៕

អត្ថបទ ៖ ប៊ី
ប្រភព ៖ Brightside