ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ បានប្រកាសថា អ៉ីស្រាអែល និងម៉ារ៉ុក បានយល់ព្រមធ្វើឱ្យទំនាក់ទំនងមានភាពប្រក្រតីឡើងវិញ

    BY autoadmin December 11, 2020
    លោក ដូណាល់ ត្រាំ បានប្រកាសថា អ៉ីស្រាអែល និងម៉ារ៉ុក បានយល់ព្រមធ្វើឱ្យទំនាក់ទំនងមានភាពប្រក្រតីឡើងវិញ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា អ៉ីស្រាអែល និងម៉ារ៉ុក បានយល់ព្រមធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង ២ មានភាពប្រក្រតីឡើងវិញ។ ក្នុងនោះលោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គមកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសទាំង ២ បានឯកភាពគ្នាឱ្យមានទំនាក់ទំនងការទូតពេញលេញ។ លោកបានហៅកិច្ចព្រមព្រៀងនេះថាជា «របកគំហើញដ៏ធំមួយសម្រាប់សន្តិភាពនៅមជ្ឈឹមបូព៌ា»។ ជម្រាបដែរថាម៉ារ៉ុកជាប្រទេសអារ៉ាប់ទី៤ ចាប់តាំងពីខែសីហា ដែលយល់ព្រមធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយអ៉ីស្រាអែល ដោយប្រទេស ៣ ទៀតគឺមាន៖ អារ៉ាប់រួម បារ៉ែន និងស៊ូដង់។

    ទីប្រឹក្សាជាន់ខ្ពស់និងជាកូនប្រសាររបស់លោក ត្រាំ គឺលោក Jared Kushner បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងនេះ។ លោកបានប្រាប់អ្នកយកព័ត៌មានថា អ៉ីស្រាអែល និងម៉ារ៉ុក នឹងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចជាផ្លូវការ ហើយនឹងចាប់ផ្តើមជើងហោះហើរទៅវិញទៅមក។ លោក ដូណាល់ ត្រាំ ក៏បានសរសេរទៀតថា លោកបានចុះហត្ថលេខាលើសេចក្តីប្រកាស ទទួលស្គាល់អធិបតេយ្យភាពម៉ារ៉ុកលើសាហារ៉ាខាងលិច ដែលតំបន់នេះគឺស្ថិតនៅភាគពាយព្យនៃទ្វីបអាហ្វ្រិក។ ក្រុមអ្នកវិភាគនិយាយថា ការទទួលស្គាល់របស់អាមេរិកចំពោះអធិបតេយ្យភាពរបស់ម៉ារ៉ុកលើទឹកដីនេះ អាចជារង្វាន់សម្រាប់កិច្ចព្រមព្រៀងរបស់ខ្លួន ក្នុងការធ្វើឱ្យមានចំណងទាក់ទងជាមួយអ៉ីស្រាអែលជាធម្មតា៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: