ក្រសួងវប្បធម៌ថៃសម្រេចហាមឃាត់ហ្គេម Home Sweet Home ដែលបានយកទម្រង់របាំបុរាណថៃទៅដាក់បញ្ចូលនៅក្នុងវីដេអូហ្គេម
ថៃ៖ របាំបុរាណថៃមួយប្រភេទដែលត្រូវបានគេដាក់បញ្ចូលនៅក្នុងហ្គេមបែបរន្ធត់មួយនោះកំពុងតែបង្កើតឲ្យមានរឿងចម្រូងចម្រាសយ៉ាងខ្លាំងរវាងក្រុមហ៊ុនផលិតហ្គេមនិងក្រសួងវប្បធម៌ថៃ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា របាំបុរាណថៃមួយប្រភេទនេះគឺជាទម្រង់នៃការរាំបែបបុរាណរបស់ស្ត្រីថៃដែលតំណាងឲ្យខ្មោច ហើយទម្រង់ផ្លូវការនៃរបាំនេះត្រូវបានគេប្រទះឃើញមាននៅក្នុងហ្គេម Home Sweet Home ដែលជាវីដេអូហ្គេមបែបរន្ធត់មួយអភិវឌ្ឍន៍ដោយក្រុមហ៊ុនថៃ YGGDRAZIL Group កាលពីឆ្នាំ ២០១៧ ។ កាលពីឆ្នាំមុននេះក្រុមហ៊ុនផលិតហ្គេមក្នុងស្រុកមួយនេះបានបន្តចេញហ្គេម Home Sweet Home វគ្គ ២ ដោយមុននឹងចេញលក់ក្រុមហ៊ុនបានស្នើសុំសិទ្ធត្រឹមត្រូវពីក្រសួងវប្បធម៌ក្នុងការដាក់បញ្ចូលរបាំខាងលើនេះជាផ្នែកមួយនៅក្នុងហ្គេម ហើយក្រសួងក៏បាអនុញ្ញាតដែរ។

យ៉ាងណាក្តី នៅពេលវីដេអូហ្គេមត្រូវបានដាក់លក់ជាផ្លូវការកាលពីពេលថ្មីៗនេះ ក្រសួងវប្បធម៌ថៃបែរជាចោទប្រកាន់ថា ការដាក់បញ្ចូលទម្រង់របាំផ្លូវការនៅក្នុងហ្គេមគឺជាសកម្មភាពប៉ះពាល់ដល់វប្បធម៌ថៃហើយក្រសួងក៏បានស្នើឲ្យមានការហាមឃាត់ហ្គេមមួយនេះដែរ។ លោក Sarut Tubloy ដែលសមាជិកនៃក្រុមការងារអភិវឌ្ឍន៍ហ្គេមមួយនេះបានបញ្ជាក់ពីរឿងចម្រូងចម្រាសនេះថា នាពេលកន្លងមកក្រសួងវប្បធម៌បានអនុវត្តឲ្យប្រើប្រាស់របាំបុរាណក្នុងហ្គេមក៏ពិតមែនតែក្រសួងសំដៅទៅលើការច្បិចយកផ្នែកណាមួយដូចជាសំឡេងតន្រ្តីឬរូបភាពជាលក្ខណៈកែច្នៃពីទម្រង់ដើម តែមិនមែនជាការយកទម្រង់ដើមផ្លូវការទាំងស្រុងនៃរបាំនោះទេ។ យ៉ាងណាក្តី ក្រសួងមិនបានបញ្ជាក់ឲ្យច្បាស់ពីលក្ខខណ្ឌនេះទេពេលចេញសេចក្តីអនុញ្ញាតហើយកត្តាភ័ន្តច្រឡំគ្នារវាងក្រុមហ៊ុននិងក្រសួងវប្បធម៌មួយនេះហើយ ដែលកំពុងបង្កើតមានឲ្យភាពចម្រូងចម្រាសនោះ។ យ៉ាងណាក្តី សាធារណៈជនថៃជាច្រើនបានយល់ឃើញថា បើទោះជាគេយកទម្រង់ដើមទាំងស្រុងនៃរបាំបុរាណទៅដាក់បញ្ចូលក្នុងហ្គេមក៏ដោយក៏វាមិនបានប៉ះពាល់វប្បធម៌ថៃដែរ ផ្ទុយទៅវិញវាអាចជួយបង្ហាញរបាំមួយនេះទៅកាន់បរទេសទៀតផងក្នុងរណីដែលជនបរទេសលេងហ្គេមដែលផលិតក្នុងប្រទេសថៃមួយនេះ៕


អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍