សមត្ថកិច្ចថៃចាប់ខ្លួនបានសមាជិកក្រុមបងធំម្នាក់នៅព្រលានយន្តហោះសុវណ្ណាភូមិ ត្រៀមហោះមកកាន់ស្រុកខ្មែរយើង
ថៃ៖ សមាជិកក្រុមបងធំម្នាក់នៅក្នុងក្រុម YaKuza ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនបាននៅព្រលានយន្តហោះសុវណ្ណាភូមិ ក្នុងទីក្រុងបាងកក កាលពីសប្តាហ៍មុន ខណៈជនសង្ស័យត្រៀមឡើងយន្តហោះ ដើម្បីហោះមកកាន់ប្រទេសកម្ពុជា។ ជនសង្ស័យមានឈ្មោះ Taksuka Tanaka អាយុ៣៦ឆ្នាំ ត្រូវបានប៉ូលីសអន្តោប្រវេសន៍ចាប់ខ្លួនកាលពីថ្ងៃទី២២ កន្លងទៅនេះ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅពេល Check-in ក្នុងព្រលាន អាជ្ញាធរបានរកឃើញថា ជនល្មើសនោះមានកំណត់ត្រាចេញចូលប្រទេសថៃជាច្រើនដង ហើយជាទូទៅជនល្មើសរូបសង្ស័យនោះតែងតែស្នាក់នៅឯប៉ាតាយ៉ា។ ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ជនល្មើសដែលមានដើមកំណើតនៅទីក្រុងតូក្យូរូបនោះ ត្រូវបានរាយការណ៍ថា គឺជាមេក្រុមបងធំមួយ ដែលធ្លាប់បោកប្រាស់គំរាមទារលុយមនុស្សប្រមាណ៨៣នាក់ គិតជាប្រាក់ប្រមាណ ៨០លានយេន (ប្រហែល ៧២៤,០០០ដុល្លារ)។
យោងតាមលោក Songprot Sirisukka មេបញ្ជាការនគរអន្តោប្រវេសន៍ខេត្ត ចាន់បូរី បានឲ្យដឹងថា ល្បិចបោកប្រាស់របស់សង្គមងងឹតទាំងនោះ គឺបោកបញ្ឆោតជនរងគ្រោះ ដោយអះអាងថា ជាតំណាងរបស់ក្រុមហ៊ុន Yahoo ហើយប្រាប់ជនរងគ្រោះថា ពួកគេត្រូវបង់ប្រាក់ថ្លៃឈ្នួល ដែលមិនបានបង់ពីការប្រើប្រាស់គេហទំព័រផ្សេងៗ បន្ទាប់មកបង្គាប់ឲ្យជនរងគ្រោះបង់ប្រាក់តាមរយៈ Amazon។
អំណាចរបស់ក្រុមបងធំ Yakuza បានធ្លាក់ចុះយ៉ាងខ្លាំងនៅប្រទេសជប៉ុន ហើយបច្ចុប្បន្នតាមរបាយការណ៍បានឲ្យដឹងថា ចំនួនសមាជិកក្រុមបងធំនេះបានធ្លាក់ចុះយ៉ាងខ្លាំងរហូតមានមិនដល់២ម៉ឺននាក់ផង៕

អត្ថបទ៖ ឌី
ប្រភព៖ nextshark