អាឡឺម៉ង់បង្កើនការរឹតត្បឹតក្នុងប្រទេសបន្ថែមទៀត ខណៈមានការកើនឡើងទាំងករណីឆ្លង និងបាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩
អធិការបតីអាឡឺម៉ង់លោកស្រី អេនជេឡា មឺកែល បានមានប្រសាសន៍ថា វិធានការប្រឆាំងនឹងជំងឺ COVID-19 នឹងត្រូវបានរឹតបន្តឹង ដើម្បីទប់ស្កាត់ការកើនឡើងនូវករណីថ្មីៗនៅទូទាំងប្រទេស។ លោកស្រីបានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យដោយថា អ្នកលក់រាយភាគច្រើនលើកលែងតែហាងសំខាន់ៗ នឹងត្រូវបិទទ្វារពីថ្ងៃពុធដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ហើយសាលារៀនក៏នឹងត្រូវបិទផងដែរ។

ការហាមប្រាមការផឹកគ្រឿងស្រវឹងនៅខាងក្រៅក៏នឹងចូលជាធរមាន នោះមានន័យថាមនុស្សមិនអាចផឹកស្រា Mulled wine ដែលជាស្រាក្ដៅម៉្យាងសម្រាប់បុណ្យណូអែលនោះទេ។ លោកស្រីបាននិយាយថា ចំនួននៃការទំនាក់ទំនងគ្នាមានការកើនឡើងនៅអំឡុងពេលនេះ ដូច្នេះវាចាំបាច់ក្នុងការបងន្ថែមការរឹតត្បឹតនេះ។
បារ៍ ភោជនីយដ្ឋាន និងគ្រឹះស្ថានផ្សេងៗទៀតនៅទូទាំងប្រទេសអាឡឺម៉ង់ ត្រូវបានបិទតាំងពីថ្ងៃទី០២ ខែវិច្ឆិកា។ ជម្រាបដែរថាប្រទេសនេះបានបញ្ជាក់ករណីឆ្លងថ្មីចំនួន ២៩ ០០០ នាក់ និងអ្នកស្លាប់ចំនួន ៥៩៨ នាក់ កាលពីថ្ងៃសុក្រដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន៕


អត្ថបទ៖ លីដា
ប្រភព៖ NHK