ញាក់សាច់! ចោរ២នាក់ជិះសេះមកប្លន់ដល់ហាងមួយកន្លែងបានសម្រេច ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព (មានវីដេអូ)
ប្រេស៊ីល៖ ចោរមួយក្រុមដែលមានគ្នា ២ បានជិះសេះទៅប្លន់ក្នុងហាងទំនិញមួយកន្លែងហើយបន្ទាប់មកបានរត់គេចខ្លួនដោយសុវត្ថិភាព។ ស្ដាប់មើលទៅវាហាក់ដូចជាប្លែកបន្តិចដែលក្រុមចោរបានជ្រើសរើសយកសត្វសេះធ្វើជាយានជំនិះសម្រាប់ចេញប្លន់ដូចនេះ ព្រោះតាមធម្មតាក្រុមចោរច្រើនតែប្រើប្រាស់យានយន្តឬធម្យោបាយធ្វើដំណើរណាដែលអាចគេចខ្លួនបានឆ្ងាយនិងលឿនដើម្បីងាយគេចផុតពីការតាមចាប់ខ្លួន។

តាមរយៈវីដេអូដែលគេថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនៅមុខហាងបានបង្ហាញថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Pernambuco នៃប្រទេសប្រេស៊ីល ហើយនាពេលកន្លងមកតំបន់មួយនេះមិនសូវមានករណីលួចឬប្លន់នោះទេ។ ក្រុមចោរគឺសុទ្ធតែយុវជនក្មេងៗពាក់ម៉ាស់ជិតពេញផ្ទៃមុខដែលគេមិនបានស្គាល់អត្តសញ្ញាណនោះទេ ហើយពេលធ្វើសកម្មភាពប្លន់នោះពួកគេបានជិះសេះមួយក្បាលមកជាមួយគ្នាលុះដល់មុខខាងទើបមានចោរម្នាក់លោតចុះពីលើសេះដៃកាន់កាំភ្លើងមួយដើមរត់ចូលទៅប្លន់យកប្រាក់នៅខាងក្នុងហាង។ បន្ទាប់ពីបានធ្វើសកម្មភាពប្លន់រួច ពួកគេក៏បានឡើងជិះសេះចេញបាត់ ដោយគ្មានអ្នកណាម្នាក់ដេញតាមពួកគេនោះទេ ហើយគេក៏មិនបានដឹងពីមូលហេតុដែលជាក្រុមចោរសម្រេចជិះសេះមកប្លន់ដូចនេះដែរ៕

អត្ថបទ៖ភក្តី
ប្រភព៖ RT