អាមេរិកចាប់ផ្ដើមចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន BioNTech-Pfizer ទូទាំងប្រទេស បន្ទាប់ពី FDA បានយល់ព្រមឱ្យមានការប្រើប្រាស់
សហរដ្ឋអាមេរិកបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការដឹកជញ្ជូនដ៏ធំមួយ ដើម្បីចែកចាយវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 នៅទូទាំងប្រទេស។ វ៉ាក់សាំងបង្ការរបស់ក្រុមហ៊ុន BioNTech-Pfizer ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលចែកចាយនៅទូទាំងសហរដ្ឋអាមេរិក ដែលវាជាជំហានដំបូងនៃការចាក់វ៉ាក់សាំងបង្ការទ្រង់ទ្រាយធំមួយ ខណៈការចាក់ថ្នាំបង្ការត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃច័ន្ទនេះ (ម៉ោងនៅអាមេរិក)។ ការចែកចាយបានកើតមានឡើង បន្ទាប់ពីនិយតករអាមេរិកជាមួយរដ្ឋបាលចំណីអាហារនិងឪសថ បានអនុញ្ញាតឱ្យប្រើវ៉ាក់សាំងនេះជាបន្ទាន់កាលពីថ្ងៃសុក្រ បន្ទាប់ពីមានសកម្មភាពស្រដៀងគ្នានៅឯកាណាដា និងចក្រភពអង់គ្លេស។

កម្មករនៅរោងចក្រ Pfizer នៅទីក្រុង Kalamazoo រដ្ឋ Michigan ត្រូវបានមើលឃើញថា បានដឹកវ៉ាក់សាំងដែលដាក់ក្នុងប្រអប់ជាមួយទឹកកកស្ងួត ដើម្បីរក្សាគុណភាពវ៉ាក់សាំង ហើយរថយន្តដឹកវ៉ាក់សាំងនេះត្រូវបាននាំទៅអាកាសយានដ្ឋានក្បែរនោះដោយមន្រ្តីសន្តិសុខ។ ការដឹកជញ្ជូនវ៉ាក់សាំងដំបូងបង្អស់ ដែលត្រូវបានបង្កើតឡើងរួមគ្នាជាមួយក្រុមហ៊ុនឱសថអាល្លឺម៉ង់ BioNTech នឹងត្រូវមានឡើងជាបន្ដបន្ទាប់ ហើយនៅត្រឹមថ្ងៃច័ន្ទគេរំពឹងថា មជ្ឈមណ្ឌលចែកចាយចំនួន ១៤៥ នឹងទទួលបានវ៉ាក់សាំងនេះគ្រប់គ្នា។ នៅថ្ងៃអង្គារទីតាំងចំនួន ៤២៥ នឹងទទួលបានវ៉ាក់សាំងនេះ ខណៈដែលទីតាំងចំនួន ៦៦ ផ្សេងទៀតនឹងទទួលបាននៅថ្ងៃពុធ៕


អត្ថបទ៖ លីដា
ប្រភព៖ DW