លោក ដូណាល់ ត្រាំ និងមន្រ្តីជាន់ខ្ពស់របស់អាមេរិកមួយចំនួន នឹងត្រូវបានគេផ្ដល់ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងរយៈពេល ១០ ថ្ងៃខាងមុខ
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របាននិយាយថា ប្រធានាធិបតីនៃសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ អនុប្រធានាធិបតីលោក Mike Pence និងមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកដទៃទៀត នឹងត្រូវបានគេផ្ដល់ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលទើបតែត្រូវបានអនុម័តថ្មីៗដោយ FDA ចាប់ផ្តើមនៅថ្ងៃច័ន្ទនេះ។ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា បុគ្គលិកសំខាន់ៗនៅសេតវិមាន និងមន្ត្រីមួយចំនួននៅក្នុងសាខាទាំង៣ នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងត្រូវទទួលថ្នាំបង្ការក្នុងរយៈពេល ១០ថ្ងៃខាងមុខ។

ទោះយ៉ាងណាវាមិនទាន់ច្បាស់ទេថា តើលោក ដូណាល់ ត្រាំ នឹងព្រមទទួលបានវ៉ាក់សាំងនេះភ្លាមៗ ហើយថាតើប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន និងសមាជិកនៃក្រុមរបស់គាត់នឹងត្រូវបានគេផ្ដល់ជូនវ៉ាក់សាំងឬទេ។ គួរឱ្យដឹងផងដែរថា វ៉ាក់សាំងបង្ការជំងឺ COVID-19 បានចាប់ផ្ដើមដឹកជញ្ជូនទៅកាន់កន្លែងចែកចាយទូទាំងសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ខណៈដែលការស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសនេះមានជិត ៣០ ម៉ឺននាក់ហើយ។
វ៉ាក់សាំងដំបូងប្រហែល ៣ លានដូស ត្រូវបានគេរំពឹងថា នឹងត្រូវដឹកជញ្ជូនទៅទូទាំងប្រទេស ដែលការដឹកជញ្ជូននេះបានកើតឡើងបន្ទាប់ពីរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) កាលពីថ្ងៃសុក្រ បានអនុញ្ញាតឱ្យមានការប្រើប្រាស់ជាបន្ទាន់ សម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ៕


អត្ថបទ៖ លីដា
ប្រភព៖ CGTN