អូស្រ្តាលីបង្រ្កាបកន្លែងជល់មាន់ខុសច្បាប់មួយកន្លែងចាប់ខ្លួនមនុស្សបានជាង ៣០ នាក់ និងរឹងអូសបានលុយសុទ្ធជាង ១០ ម៉ឺនដុល្លារ
អូស្រ្តាលី៖ មាន់ជល់ជាច្រើនក្បាលនិងមនុស្សជាច្រើននាក់ត្រូវបានអាជ្ញាធរអូស្រ្តាលីធ្វើការរឹបអូសនិងឃាត់ខ្លួននៅសង្វ្រៀនជល់មាន់ខុសច្បាប់មួយកន្លែងនៅក្នុងតំបន់ Catherine Field ភាគខាងត្បូងក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន 7news បានឲ្យដឹងថា នេះជាករណីបទល្មើសដ៏កម្រមួយសម្រាប់អូស្រ្តាលី ព្រោះនាពេលកន្លងមកល្បែងប្រភេទនេះមិនសូវពេញនិយមនោះទេក្នុងចំណោមពលរដ្ឋអូស្រ្តាលី។

ប្រភពខាងលើបន្តថា នៅក្នុងការបង្រ្កាបសង្វ្រៀនជល់មាន់នេះ ប៉ូលិសអូស្ត្រាលីបានឃាត់ខ្លួនបុរសចំនួន ៣៥ នាក់ រឹបអូសបានមាន់ជល់ចំនួន ៣១ ក្បាល ខ្នាយមាន់ជល់ជាច្រើន ឧបករណ៍អេឡិចត្រូនិចមួយចំនួន និងលុយសុទ្ធជាង ១០ ម៉ឺនដុល្លារអាមេរិក ដែលក្រុមជនខិលខូចបានដាក់ជាប់ខ្លួនសម្រាប់ធ្វើការភ្នាល់មាន់ជល់របស់ពួកគេ។ យោងទៅច្បាប់នៃប្រទេសអូស្រា្តលី បុរសទាំង ៣៥ នាក់ខាងលើនេះត្រូវប្រឈមនឹងការផ្តន្ទាទោសជាច្រើនករណីមានទាំង ករណីធ្វើទារុណកម្មទៅលើសត្វនិងករណីភ្នាល់ល្បែកស៊ីសង តែយ៉ាងណាក្តីគេនៅមិនទាន់ដឹងច្បាស់ថា ពួកគេនឹងត្រូវជាប់គុក ឬពិន័យជាប្រាក់ប៉ុន្មាននោះទេ៕


អត្ថបទ៖ភក្តី
ប្រភព៖ 7news