ទីក្រុងបាងកកជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ នៃទីក្រុងដែលមានការបំពុលខ្លាំងបំផុតនៅលើពិភពលោក
ទីក្រុងបាងកករបស់ប្រទេសថៃបានជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ នៃទីក្រុងដែលមានការបំពុលខ្លាំងបំផុតនៅលើពិភពលោក សម្រាប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយមានសន្ទស្សន៍គុណភាពខ្យល់អាកាស (AQI) ឡើងដល់ ១៦២ និងកម្រិត PM2.5 (ភាគល្អិតតូចជាង ២.៥ មីលីម៉ែត្រ) ចំនួន ៧៦.៦ មីក្រូក្រាម/ម៉ែត្រគូប នេះបើយោងតាមការកត់ត្រារបស់ IQ Air ។ ជម្រាបដែរថាអ័ព្ទពុល PM2.5 បានវិលត្រឡប់មកទីក្រុងបាងកក និងខេត្តជិតៗវិញ រួមទាំងខេត្តឈុនបុរីកាលពីចុងសប្តាហ៍មុន។ តំបន់ភាគច្រើននៅក្នុងទីក្រុង និងតំបន់ក្បែរនោះ មានកម្រិតនៃការបំពុល PM2.5 ដែលលើសពីបទដ្ឋានសុវត្ថិភាព នេះបើយោងតាមរបាយការណ៍គុណភាពខ្យល់របស់នាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថាន។

នាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ និងសំឡេងរំខានទីក្រុងបាងកក បានប្រកាសសន្ទស្សន៍គុណភាពខ្យល់ (real-time) នៅលើគេហទំព័ររបស់ខ្លួនថា គុណភាពខ្យល់នៅក្នុងតំបន់ទាំង ៥៦ នៃរាជធានីបាងកក ចាប់ផ្តើមឈានដល់កម្រិតប៉ះពាល់ដល់សុខភាព ដោយកម្រិត PM2.5 ខ្ពស់បំផុតគឺ ៨៥ មីក្រូក្រាម/ម៉ែត្រគូប នៅស្រុក Khlong San ស្រុក Phra Nakhon និងស្រុក Dusit ។ ការបំពុលបរិយាកាស PM2.5 ក៏ស្ថិតនៅក្នុងកម្រិតមិនល្អនៅតាមខេត្តជុំវិញ រួមទាំងខេត្តឈុនបុរីផងដែរ។ ដោយ IQ Air បានរាយការណ៍ថា ការបំពុលបរិយាកាសនៅក្នុងខេត្តបានឈានដល់កម្រិតមិនល្អ ជាមួយនឹងកម្រិត AQI ចំនួន ១៥៥ និងកម្រិត PM2.5 គឺ ៦២.៣ មីក្រូក្រាម/ម៉ែត្រគូ ៕


អត្ថបទ៖ លីដា
ប្រភព៖ The Pattaya News