ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្ទុះបាតុកម្មវាយបំផ្លាញទ្រព្យសម្បត្តិយ៉ាងច្រើន នៅរោងចក្រដំឡើង iPhone និង iPad នៅឥណ្ឌា

    BY autoadmin December 15, 2020
    ផ្ទុះបាតុកម្មវាយបំផ្លាញទ្រព្យសម្បត្តិយ៉ាងច្រើន នៅរោងចក្រដំឡើង iPhone និង iPad នៅឥណ្ឌា

    ឥណ្ឌា៖ ក្រុមហ៊ុន Apple Inc បានឲ្យដឹងកាលពីព្រឹកថ្ងៃចន្ទម្សិលមិញថា ក្រុមហ៊ុននឹងបញ្ជូនក្រុមការងារជំនាញទៅពិនិត្យ និងដោះស្រាយបញ្ហាតវ៉ាដោយហិង្សាពីសំណាក់ក្រុមកម្មកររាប់រយនាក់ដែលបានផ្ទុះឡើងនៅក្នុងរោងចក្រផលិតសម្ភារៈអេឡិចត្រូនិចមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា។ សូមបញ្ជាក់ថា រោងចក្រដែលមានផ្ទុះករណីតវ៉ាដោយហិង្សាធ្ងន់ធ្ងរមួយនេះមានឈ្មោះថា Wistron Corp របស់ក្រុមហ៊ុនតៃវ៉ាន់ ដែលបានទៅបើកដំណើរការនៅក្នុងទីក្រុង Bangalore នៃប្រទេសឥណ្ឌា ហើយក្រុមហ៊ុនមួយនេះគឺជាដៃគូសហការណ៍ដ៏សំខាន់របស់ក្រុមហ៊ុន Apple Inc ដោយក្រុមហ៊ុនតៃវ៉ាន់មួយនេះគឺជាអ្នកផលិតសម្ភារៈសំខាន់ៗជាច្រើនសម្រាប់ផ្គុំជាទូរស័ព្ទ iPhone, iPad ឬកុំព្យូទ័រ MacBook ជាដើម។

    បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន South China Moring Post បានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានការតវ៉ាគឺដោយសារក្រុមកម្មករកិច្ចសន្យាទាមទារឲ្យរោងចក្រទូទាត់ប្រាក់ខែដែលមិនទាន់បានបើកឲ្យពួកគេ និងទាមទារឲ្យកំណត់ម៉ោងធ្វើការងារឲ្យបានល្អប្រសើរជាងមុន។ ប្រភពខាងបានបន្តថា ក្នុងពេលធ្វើការតវ៉ានោះក្រុមកម្មករបាននាំគ្នាវាយបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុនឲ្យខូចខាតអស់ជាច្រើន ហើយបើសរុបទំហំនៃការខូចខាតនោះអាចមានតម្លៃជាទឹកប្រាក់រហូតដល់ ៦០ លានដុល្លារអាមេរិកឯណោះ។

    ភ្លាមៗក្រោយកើតមានអំពើហឹង្សាអាជ្ញាធរឥណ្ឌាបានចាប់ខ្លួនកម្មករបានចំនួន ១៤៩ នាក់ ខណៈខាងរោងចក្រ Wistron Corp បានដាក់ពាក្យប្តឹងក្រុមកម្មករកិច្ចសន្យាដែលមានអត្តសញ្ញាណច្បាស់លាស់ចំនួន ៥ ០០០ នាក់ និងពលរដ្ឋដែលមិនស្គាល់អត្តសញ្ញាណប្រមាណ ២ ០០០ នាក់ផ្សេងទៀតឲ្យមកទទួលខុសត្រូវចំពោះអំពើហឹង្សាដ៏ធ្ងន់ធ្ងរមួយនេះ៕

    អត្ថបទ៖ភក្តី

    ប្រភព៖ South China Moring Post

    Share This Post: