វៀតណាមនឹងផាកពិន័យជាប្រាក់ ១៣០ដុល្លារ ចំពោះអ្នកដំណើរចូលមកប្រទេសខ្លួនណាម្នាក់ដែលមិនពាក់ម៉ាស់
អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានប្រកាសកាលពីថ្ងៃច័ន្ទថា អ្នកដំណើរណាដែលមិនពាក់ម៉ាស់នៅលើយន្ដហោះ នឹងត្រូវពិន័យជាប្រាក់រហូតដល់ ១៣០ ដុល្លារអាមេរិក។ នៅក្នុងសេចក្តីប្រកាសមួយ ដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ខ្លួន CAAV បានណែនាំដល់ក្រុមហ៊ុនអាកាសចរណ៍នានា ឱ្យអនុវត្តតាមវិធានការការពារជំងឺ COVID-19 ជាពិសេសនៅពេលពិធីបុណ្យចូលឆ្នាំប្រពៃណីចិនជិតចូលមកដល់។

ក្រុមហ៊ុនអាកាសចរណ៍មានកាតព្វកិច្ចជូនដំណឹងដល់អ្នកដំណើរនៅទីតាំងត្រួតពិនិត្យ និងនៅលើយន្តហោះថា ពួកគេនឹងត្រូវទទួលទណ្ឌកម្មប្រសិនបើរំលោភលើវិធានការបង្ការជំងឺ COVID-19 ដូចជាមិនពាក់ម៉ាស់ ឬធ្វេសប្រហែសក្នុងការរាយការណ៍ពីសុខភាពរបស់ពួកគេ ស្របតាមក្រឹត្យអាកាសចរណ៍ស៊ីវិលឆ្នាំ២០១៨។ យោងតាមក្រឹត្យនេះការផាកពិន័យសម្រាប់វិធានការបង្ការជំងឺឆ្លង គឺមានចន្លោះពី ១ ទៅ ៣ លានដុង ឬ ៤០ – ១៣០ ដុល្លារ។
ជម្រាបដែរថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 សរុបចំនួន ១,៣៩៧ ករណី រហូតមកដល់ពេលនេះ និងមាន ១១៨ ករណី កំពុងសម្រាកព្យាបាលនៅឡើយ ហើយភាគច្រើនជាករណីនាំចូល។ មានអ្នកជំងឺ ៣៥នាក់ បានស្លាប់ដោយសារជំងឺនេះ ដែលភាគច្រើនជាអ្នកជំងឺវ័យចំណាស់ ដែលមានជំងឺជាប់ខ្លួន ដូចជាទឹកនោមផ្អែម ឬខ្សោយតំរងនោម៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress