ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សហរដ្ឋអាមេរិកអនុញ្ញាតឱ្យមានការប្រើប្រាស់ឧបករណ៍ធ្វើតេស្តជំងឺកូវីដ១៩ ដោយខ្លួនឯងជាលើកដំបូងបំផុត

    BY autoadmin December 16, 2020
    សហរដ្ឋអាមេរិកអនុញ្ញាតឱ្យមានការប្រើប្រាស់ឧបករណ៍ធ្វើតេស្តជំងឺកូវីដ១៩ ដោយខ្លួនឯងជាលើកដំបូងបំផុត

    សហរដ្ឋអាមេរិកនៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ បានអនុញ្ញាតឱ្យមានប្រើប្រាស់ប្រដាប់ធ្វើតេស្តជំងឺ COVID-19 ដោយខ្លួនឯងជាលើកដំបូងបំផុត ដែលវាអាចរកបាននៅតាមហាងនានា និងផ្តល់លទ្ធផលក្នុងរយៈពេលប្រហែល ២០នាទី ប៉ុណ្ណោះ។ ប្រដាប់ធ្វើតេស្តនេះបង្កើតឡើងដោយក្រុមហ៊ុន Ellume ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា នឹងលក់ក្នុងតម្លៃប្រហែល ៣០ដុល្លារអាមេរិក ហើយក្រុមហ៊ុនគ្រោងនឹងលក់ចេញចំនួន ៣ លានតេស្ដ នៅខែមករា ឆ្នាំ២០២១ និងរាប់លានគ្រឿងទៀតនៅខែបន្ទាប់។

    លោក Stephen Hahn ស្នងការរដ្ឋបាលចំណីអាហារនិងឱសថបាននិយាយថា វាគឺជាការធ្វើតេស្ត «អង់ទីហ្សែន» មានន័យថាវាដំណើរការដោយរកម៉ូលេគុលនៃវីរុសកូរ៉ូណា ដែលមិនដូចជាការធ្វើតេស្ត PCR ទូទៅដែលរកមើលហ្សែនរបស់វីរុសទេ។ បច្ចេកវិទ្យាពាក់ព័ន្ធរបស់វា គឺស្រដៀងគ្នានឹងការធ្វើតេស្តមានផ្ទៃពោះដោយខ្លួនឯង។ ឧបករណ៍នេះត្រូវប្រើជាមួយសំណាកដែលយកចេញពីច្រមុះ ហើយវាមិនចាំបាច់រុកជ្រៅដូចការតេស្ដគ្លីនិកផ្សេងៗនោះទេ។

    យោងតាមរដ្ឋបាលចំណីអាហារនិងឪសថបាននិយាយថា វារកឃើញ ៩៦% ពីសំណាកដែលវិជ្ជមាន និង ១០០% ពីសំណាកអវិជ្ជមាន ចំពោះបុគ្គលដែលមានចេញរោគសញ្ញា។ ចំពោះមនុស្សដែលមិនមានរោគសញ្ញា ការធ្វើតេស្តរកឃើញ ៩១% ពីសំណាកវិជ្ជមាន និង ៩៦% សំណាកអវិជ្ជមាន។ FDA បាននិយាយថា ចំពោះអ្នកជំងឺដែលមិនមានរោគសញ្ញា «លទ្ធផលវិជ្ជមានរបស់ពួកគេ គួរតែត្រូវបានព្យាបាលដូចជាអ្នកវិជ្ជមានធម្មតា រហូតទាល់តែត្រូវបានបញ្ជាក់ដោយការធ្វើតេស្តមួយផ្សេងទៀតឱ្យបានឆាប់»។

    FDA បានបន្ថែមទៀតថា បុគ្គលដែលទទួលបានលទ្ធផលវិជ្ជមាន គួរតែនៅដាច់ដោយឡែក ហើយស្វែងរកការយកចិត្តទុកដាក់បន្ថែមពីអ្នកផ្តល់សេវាថែទាំសុខភាពរបស់ពួកគេ ខណៈដែលមនុស្សដែលធ្វើតេស្តអវិជ្ជមានប៉ុន្តែធ្លាប់មានរោគសញ្ញា COVID-19 គួរតែស្វែងរកការតាមដានជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់ពួកគេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: