សិង្ហបុរីក្លាយជាប្រទេសដំបូងបង្អស់នៅអាស៊ី ដែលអនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង BioNTech
ប្រទេសសិង្ហបុរីបានក្លាយជាដែនដីដំបូងគេនៅអាស៊ី ដែលបានអនុម័តលើវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ។ មន្ត្រីរបស់រដ្ឋរំពឹងថា វ៉ាក់សាំងនឹងមកដល់នៅចុងខែនេះ ខណៈដែលនាយករដ្ឋមន្រ្តីលោក លី សៀនឡុង បាននិយាយកាលពីថ្ងៃច័ន្ទថា ការចាក់វ៉ាក់សាំងនឹងមិនត្រូវបានគិតថ្លៃទេ ហើយលោករំពឹងថា វ៉ាក់សាំងផ្សេងទៀតនឹងមកដល់ក្នុងប៉ុន្មានខែខាងមុខនេះ។

លោក លី សៀនឡុង បាននិយាយថា៖«សហការីគណៈរដ្ឋមន្រ្តីនិងខ្ញុំ រួមទាំងមនុស្សចាស់ផ្សេងទៀត នឹងត្រូវចាក់វ៉ាក់សាំងជាមុន។ នេះជាការបង្ហាញដល់អ្នក ជាពិសេសមនុស្សវ័យចំណាស់ដូចខ្ញុំ ថាយើងជឿជាក់ថា វ៉ាក់សាំងទាំងនេះមានសុវត្ថិភាព»។ ជម្រាបដែរថាបុគ្គលិកពេទ្យ និងមនុស្សចាស់នឹងត្រូវបានផ្តល់អាទិភាព សម្រាប់ការទទួលបានវ៉ាក់សាំងដំបូងគេ។ អ្នកដែលមានអាយុក្រោម ១៦ឆ្នាំ និងស្ត្រីមានផ្ទៃពោះមិនត្រូវបានរាប់បញ្ចូលទេ ព្រោះទិន្នន័យសុវត្ថិភាព និងប្រសិទ្ធភាពចំពោះមនុស្សបែបនេះមិនទាន់មាននៅឡើយទេ។
ជាមួយគ្នានេះដែររដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសិង្ហបុរីបានប្រកាសនៅថ្ងៃអង្គារនេះថា ប្រទេសនេះនឹងបើកដំណើរការផ្លូវថ្មីដាច់ដោយឡែកមួយនៅឯមជ្ឈមណ្ឌលអន្តោប្រវេសន៍ ដើម្បីទទួលភ្ញៀវទេសចរមកពីប្រទេសទាំងអស់។ លោកថាពាក្យសុំចូលនឹងបើកនៅពាក់កណ្តាលខែមករា។ ការប្រកាសនេះធ្វើឡើងនៅពេលដែលប្រទេសសិង្ហបូរី ត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំនៅឆ្នាំក្រោយ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK