ជប៉ុនកំពុងប្រឈមនឹងការផ្ទុះឡើនៃជំងឺផ្តាសាយបក្សីដ៏អាក្រក់បំផុត ដែលពេលនេះវាចម្លងដល់ខេត្តចំនួន ១២ នៅទូទាំងប្រទេស
ការផ្ទុះឡើនៃជំងឺផ្តាសាយបក្សីដ៏អាក្រក់បំផុតរបស់ប្រទេសជប៉ុន បានរាលដាលដល់កសិដ្ឋានថ្មីៗក្នុងសប្តាហ៍នេះ ហើយត្រូវបានគេរកឃើញនៅក្នុងតំបន់ចំនួន ៤៤ របស់ខេត្តចំនួន ៤៧ ក្នុងប្រទេសនេះ ខណៈមន្រ្តីបានបញ្ជាឱ្យមានការសម្លាប់បក្សីចោលបន្ថែមទៀត។ ក្រសួងកសិកម្មបាននិយាយនៅថ្ងៃពុធនេះថា សត្វបក្សីប្រហែល ៣២,០០០ ក្បាល នឹងត្រូវគេសម្លាប់និងកប់ចោល នៅក្នុងទីក្រុង Sukumo ក្នុងខេត្ត Kochi ភាគនិរតី បន្ទាប់ពីមានជំងឺផ្តាសាយបក្សីត្រូវបានរកឃើញនៅកសិដ្ឋានចញ្ចឹមបក្សីយកស៊ុតមួយកន្លែង។

ក្រសួងបាននិយាយថា សត្វបក្សីដែលឆ្លងជំងឺច្រើនជាងនេះ ត្រូវបានគេរកឃើញនៅកសិដ្ឋានចំនួន ២ នៅក្នុងខេត្ត Kagawa ដែលជាកន្លែងដែលការរីករាលដាលបានកើតឡើងកាលពីខែមុន ដោយមានបក្សីជិត ៣០,០០០ ក្បាលត្រូវបានសម្លាប់នៅទីនោះ។ ការរាតត្បាតនេះបានរាលដាលដល់ខេត្តចំនួន ១២ នៅទូទាំងប្រទេសជប៉ុន ហើយគិតមកទល់ពេលនេះសត្វបក្សីចំនួន ៣ លានក្បាល ត្រូវបានគេសម្លាប់ចោល។
ខណៈពេលដែលក្រសួងបាននិយាយថា វាមិនអាចទៅរួចទេសម្រាប់ពលរដ្ឋក្នុងការឆ្លងជំងឺផ្តាសាយបក្សី ចេញពីការបរិភោគស៊ុត ឬសាច់មាន់ដែលឆ្លងជំងឺនេះ មន្រ្តីសុខាភិបាលនៅជុំវិញពិភពលោកមានការព្រួយបារម្ភអំពីវីរុស ដែលវាអាចបង្កឱ្យមានដល់មនុស្ស និងបង្កឱ្យមានការរីករាលដាលដូចវីរុសកូរ៉ូណា ដែលពិភពលលោកកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ