ស្ដង់ប្រមាណជា ១,៥០០ នឹងត្រូវដំឡើងនៅទូទាំងប្រទេសអ៉ីតាលីចាប់ពីខែមករា ជាមួយនឹងក្រាហ្វិចរូបផ្កាផុសពីលើស្ដង់ តំណាងឱ្យការកែប្រែសារជាថ្មី
ស្តង់រាប់រយមានលម្អដោយក្រាហ្វិចផ្កាដើម្បីជានិមិត្តរូបនៃការកែប្រែថ្មី ត្រូវបានដំឡើងនៅជុំវិញប្រទេសអ៉ីតាលីចាប់ពីខែមករា ដើមឆ្នាំ២០២១តទៅ នៅពេលដែលប្រទេសនេះចាប់ផ្តើមការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់ប្រជាជនរបស់ខ្លួនទូទាំងប្រទេស។ ការរចនាសម្រាប់ស្ដង់ទាំងនេះត្រូវបានដាក់បង្ហាញកាលពីថ្ងៃច័ន្ទ ដោយស្ថាបត្យករលោក Stefano Boeri ដែលរួមគ្នាជាមួយក្រុមអ្នកពិគ្រោះយោបល់ ជាមួយនឹងរូបសញ្ញា និងទិដ្ឋភាពនៃការចាក់វ៉ាក់សាំង។

យោងតាមប្រភពពី CNN បាននិយាយថា ស្ដង់បណ្ដោះអាសន្នប្រមាណ ១,៥០០ នឹងត្រូវដំឡើងតាមទីប្រជុំជន និង ទីលាននានារបស់ប្រទេសអ៉ីតាលី។ ចំណែកផ្នែកខាងក្នុងរបស់ស្ដង់ទាំងនេះគឺជាឈើ ដោយមានលម្អរូបផ្កាទាំងខាងក្នុង និងជាពិសេសគឺផុសនៅលើដំបូលស្ដង់តែម្ដង ដែលតំណាងឱ្យការកែប្រែថ្មី និងភាពស្ងប់សុខ។ ការចាក់វ៉ាក់សាំងនេះត្រូវបានមើលឃើញថា ជាការកាតព្វកិច្ចរបស់ពលរដ្ឋ ជាការស្រឡាញ់សម្រាប់អ្នកដទៃ និងជីវិតសារជាថ្មីម្ដងទៀត ពោលគឺវ៉ាក់សាំងនឹងជួយពលរដ្ឋឱ្យមានជីវិតនៅខាងក្រៅម្ដងទៀត។
យ៉ាងណាក៏ដោយមាននិន្នាការតូចមួយប៉ុន្តែគួរឱ្យកត់សម្គាល់ ចំពោះការមិនទុកចិត្តលើវ៉ាក់សាំងនៅក្នុងប្រទេសអ៉ីតាលី ដែលប្រការនេះបានធ្វើឱ្យអ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាក់ស្ដែងនៅឆ្នាំ២០១៨ រដ្ឋាភិបាលរបស់ប្រទេសនេះ បានលុបចោលច្បាប់មួយដែលមិនតម្រូវឱ្យការចាក់វ៉ាក់សាំង គឺជាកាតព្វកិច្ចរបស់ពលរដ្ឋទៀតឡើយ៕

![]()
អត្ថបទ៖ លីដា
ប្រភព៖ CNN