កូរ៉េខាងត្បូងកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីច្រើនជាង ១,០០០ ករណី ខណៈកំពុងបារម្ភថាជំងឺនេះកំពុងរាតត្បាតលើសពីអាចគ្រប់គ្រងបាន
កូរ៉េខាងត្បូងបានបន្ថែមការឆ្លងជំងឺ COVID-19 ថ្មីជាង ១ ០០០ នាក់ ក្នុងរយៈពេល ២ថ្ងៃ ជាប់គ្នានេះ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា ជំងឺនេះកំពុងរាលដាលយ៉ាងខ្លាំងនៅក្នុងតំបន់រដ្ឋធានី។ ទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ឥឡូវនេះមានដល់ ៦៣៤នាក់ បន្ទាប់ពីមានអ្នកជំងឺ ២២នាក់ បានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលជាការស្លាប់ច្រើនបំផុតរបស់ប្រទេស។ ក្នុងចំណោមអ្នកជំងឺកំពុងសម្រាកព្យាបាលទាំង ១២ ២០៩ នាក់ មានអ្នកជំងឺ ២៤២ នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ជិត ៨០០នាក់ ក្នុងចំណោមករណីថ្មីចំនួន ១ ០១៤នាក់ ត្រូវបានគេរាយការណ៍ពីតំបន់ទីប្រជុំជនទីក្រុងសេអ៊ូល ដែលជាកន្លែងមន្ត្រីសុខាភិបាលបានប្រកាសអាសន្នអំពីកង្វះខាតសមត្ថភាពផ្ទុកអ្នកជំងឺក្នុងមន្ទីរពេទ្យ។ ថ្ងៃព្រហស្បតិ៍នេះគឺជាថ្ងៃទី៤០ជាប់ៗគ្នា ដែលប្រទេសនេះមានករណីច្រើនជាង ៣ខ្ទង់ ដែលនាំឱ្យចំនួនសរុបកើនដល់ ៤៦ ៤៥៣នាក់។ ការលេចចេញជាថ្មីនៃមេរោគបានកើតឡើង បន្ទាប់ពីជាច្រើនខែដែលប្រទេសនេះមានករណីថយចុះ និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ។
ឥឡូវនេះក្រុមមន្រ្តីកំពុងពិចារណាថាតើត្រូវបង្កើនការរឹតត្បិតដល់កម្រិតអតិបរិមា ដែលអាចរួមបញ្ចូលទាំងការហាមឃាត់ការប្រមូលផ្តុំមនុស្សលើសពី ១០នាក់ ដោយបិទអាជីវកម្មរាប់ពាន់រាប់ពាន់ដែលមិនចាំបាច់ និងតម្រូវឱ្យនិយោជិកក្រុមហ៊ុនធ្វើការពីផ្ទះឬយ៉ាងណា៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia