វៀតណាមកំពុងចាប់ផ្ដើមតេស្ដសាកល្បងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលខ្លួនជាអ្នកបង្កើតនៅថ្ងៃនេះ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Chinhphu បានឱ្យដឹងថា ក្រុមហ៊ុនឱសថជីវសាស្ត្រ Nanogen JSC និងបណ្ឌិតសភាវេជ្ជសាស្ត្រយោធាវៀតណាម បានចាប់ផ្តើមសាកល្បងវ៉ាក់សាំងបង្ការជំងឺ COVID-19 ឈ្មោះថា Nanocovax ដែលជាវ៉ាក់សាំងផលិតដោយក្រុមហ៊ុន Nanogen លើអ្នកស្ម័គ្រចិត្តចំនួន ៣ នាក់ដំបូង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០។ អ្នកស្ម័គ្រចិត្តទាំង ៣ នាក់ នឹងត្រូវស្នាក់នៅបណ្ឌិត្យសភាពេទ្យយោធា ដើម្បីតាមដានសុខភាពក្នុងរយៈពេល ៧២ ម៉ោងបន្ទាប់ទៀត។

កាលពីសប្តាហ៍មុនអ្នកស្ម័គ្រចិត្តចំនួន ៦០នាក់ ត្រូវបានជ្រើសរើសសម្រាប់ដំណើរការតេស្ដសាកល្បងលើមនុស្សដំណាក់កាលទី១។ បន្ទាប់មកអ្នកស្ម័គ្រចិត្តទាំងនេះនឹងត្រូវបែងចែកជា ៣ ក្រុមតូចៗ ដែលម្នាក់ៗទទួលបាននូវវ៉ាក់សាំង ៣ ផ្សេងគ្នា គឺ ២៥មីលីក្រាម ៥០មីលីក្រាម និង ៧៥មីលីក្រាម។ ក្នុងនោះអ្នកស្ម័គ្រចិត្តម្នាក់ៗនឹងទទួលការចាក់វ៉ាក់សាំងចំនួន ២ដង ដោយមានគម្លាត ២៨ថ្ងៃ រវាងថ្ងៃទី០១ និងទី០២ ក្នុងដំណាក់កាលទី ១ ។
បច្ចុប្បន្ននេះប្រទេសវៀតណាមមានវ៉ាក់សាំងសក្ដានុពលចំនួន ៤ ក្រោមការអភិវឌ្ឍដោយក្រុមហ៊ុនឱសថ Nanogen JSC, វិទ្យាស្ថានវ៉ាក់សាំង និងជីវវេជ្ជសាស្ត្រ (IVAC), ក្រុមហ៊ុនផលិតវ៉ាក់សាំង និងជីវសាស្រ្តលេខ១ (Vabiotech) និង មជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតវ៉ាក់សាំង និង ជីវសាស្រ្ត (Polyvac) ។
Nanogen គឺជាក្រុមហ៊ុនឈានមុខគេដែលកំពុងធ្វើការស្រាវជ្រាវនិងអភិវឌ្ឍគ្រឿងផ្សំជីវគីមី (APIs) និងការចាក់ថ្នាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយផ្អែកលើភាពជឿនលឿនខាងបច្ចេកវិទ្យា DNA និងប្រូតេអ៉ីន។ ក្រុមរបស់ Nanogen មានអ្នកវិទ្យាសាស្ត្រដែលមានសមត្ថភាពខ្ពស់ និងបញ្ចប់ការសិក្សាផ្នែកជីវវិទ្យាសាស្ត្រឱសថនិងសុខភាព។ រហូតមកដល់ពេលនេះប្រទេសវៀតណាមបានបញ្ជាក់ពីករណីឆ្លងជំងឺ COVID-19 ចំនួន ១,៤០៥ ករណី ក្នុងនោះមានអ្នកជាសះស្បើយ ១,២៥២ នាក់ និង ៣៥នាក់ បានស្លាប់៕


អត្ថបទ៖ លីដា
ប្រភព៖ Chinhphu