អង្គការសុខភាពពិភពកំពុងត្រៀមបញ្ជូនក្រុមអ្នកស្រាវជ្រាវមួយក្រុម ទៅកាន់ទីក្រុងវូហានដើម្បីសិក្សាពីប្រភពដើមនៃវីរុសកូរ៉ូណា
អង្គការសុខភាពពិភពលោកកំពុងត្រៀមបញ្ជូនក្រុមអ្នកស្រាវជ្រាវមួយក្រុម ទៅកាន់ទីក្រុងវូហានរបស់ប្រទេសចិននៅដើមខែក្រោយនេះ ដើម្បីរកមើលប្រភពដើមនៃវីរុសកូរ៉ូណា (COVID-19) ។ អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកបានប្រាប់សារព័ត៌មានជប៉ុន NHK នៅថ្ងៃពុធនេះថា ក្រុមអន្តរជាតិមួយកំពុងធ្វើការលើការរៀបចំខ្លួន ដើម្បីធ្វើដំណើរទៅប្រទេសចិនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយសង្ឃឹមថានឹងអាចសម្រេចបាននៅក្នុងខែមករា។ ក្រុមស្រាវជ្រាវក៏មានគម្រោងស៊ើបអង្កេតផងដែរ នូវអ្វីដែលបានកើតឡើងនៅពេលចាប់ផ្តើមផ្ទុះវីរុសនេះឡើង។

ជម្រាបដែរថាកាលពីខែកក្កដាកន្លងទៅ អង្គការសហប្រជាជាតិក៏បានបញ្ជូនមន្រ្តី ២នាក់ ទៅកាន់ទីក្រុងប៉េកាំង ដើម្បីរៀបចំការស្ទង់មតិអំពីក្រុងវូហាន។ មន្ត្រីម្នាក់ក្នុងចំនោមមន្រ្តីទាំងនោះគឺលោក Peter Embarek ជាអ្នកជំនាញខាងជំងឺឆ្លងចេញពីសត្វ។ គាត់បាននិយាយជាមួយ NHK កាលពីដើមខែនេះថា អង្គការសុខភាពពិភពលោកចាំបាច់ត្រូវអនុវត្តការស៊ើបអង្កេតលម្អិតបន្ថែមទៀតលើករណីដំបូង។ លោកក៏បានចង្អុលបង្ហាញពីភាពចាំបាច់ក្នុងការសម្ភាសពលរដ្ឋ ដើម្បីកំណត់ករណីទាំងអស់នៅក្នុង និងជុំវិញទីក្រុងវូហាន៕


អត្ថបទ៖ លីដា
ប្រភព៖ NHK