អ្នកជំនាញថៃថា ទឹកសុទ្ធប្រភេទនេះគ្មានសារជាតិវីតាមីន C ដូចបានសរសេរលើដប ប៉ុន្តែខាងក្រុមហ៊ុនថា ទឹកសុទ្ធខ្លួនមានវីតាមីន C គ្រាន់តែបាត់ទៅវិញ ដោយសារកត្តានេះ
យោងតាមមូលនិធិសម្រាប់អ្នកប្រើប្រាស់របស់ថៃ (FFC) បានរាយការណ៍ថា ទឹកវីតាមីន Yanhee Vitamin Water គឺមិនមានសារជាតិវីតាមីន C ដូចដែលបានសរសេរនៅលើដបនោះទេ។ កាលពីសប្តាហ៍មុន FFC បានផ្សព្វផ្សាយលទ្ធផលនៃការធ្វើតេស្តមួយ ដោយបានធ្វើលើទឹកដែលមានវីតាមីនចំនួន ៤៧ប្រភេទ ហើយមិនបានរកឃើញវីតាមីន C នៅក្នុងម៉ាកចំនួន ៨ រួមមានទាំងទឹកម៉ាក Yanhee Vitamin Water ។

ប៉ុន្តែយ៉ាងណា Yanhee Vitamin Water បានប្រកែកជាមួយការអះអាងនេះ ដោយកាលពីម្សិលមិញក្រុមហ៊ុនបានចេញលិខិតមួយ ដើម្បីបញ្ជាក់អំពីករណី FFC ដែលបាននិយាយថា ទឹករបស់ខ្លួនគឺគ្មានជាតិវីតាមីន C ដូចដែលបានសរសេរលើដបនោះទេ។ បើតាមការបង្ហោះរបស់ WorkpointTODAY នៅលើបណ្ដាញហ្វេសប៊ុកបានឱ្យដឹងថា ក្រុមហ៊ុនមិនទទួលការអះអាងនេះ ដោយបន្ថែមលើ ៤ ចំណុចថា៖
១. Yanhee Vitamin Water ផ្ដោតលើការផលិត ហើយដំណើរការត្រួតពិនិត្យគុណភាពផលិតផលនៅគ្រប់ជំហាន គឺមានស្ដង់ដារ ISO 9001 និងទទួលស្គាល់ដោយ GMP ។ ការអភិវឌ្ឍ ផលិតកម្ម ការដំឡើង និងសេវាកម្ម រួមទាំងការទទួលបានសញ្ញាសំគាល់ស្តង់ដារម្ហូបអាហារពី ការិយាល័យគណៈកម្មាធិការកណ្តាលអ៉ីស្លាមថៃ (Halal) ។
២. Yanhee Vitamin Water មានវិញ្ញាបនប័ត្រទំនិញត្រឹឹមត្រូវ និងមានការធ្វើតេស្តឯកជនកម្រិត ISO 17025 ដែលបញ្ជាក់ដោយនាយកដ្ឋានសេវាកម្មវិទ្យាសាស្ត្រ ហើយលើសពីនេះទៀតមន្ទីរពិសោធន៍របស់ក្រុមហ៊ុន បានធ្វើការវិភាគបរិមាណវីតាមីន C ជាប្រចាំរាល់ផលិតកម្មទាំងអស់។
៣. ក្រុមហ៊ុនសូមបញ្ជាក់ថាទឹករបស់ខ្លួនគឺមានវីតាមីន C ដូចដែលបានសរសេរនៅលើដប ប៉ុន្តែដោយសារតែវីតាម C មានទំនោរនឹងសាបទៅវិញ នៅពេលប្រតិកម្មទៅនឹងអុកស៊ីសែន ក៏ដូចជាកម្ដៅព្រះអាទិត្យ និងសំណើម ហើយវាអាចប្ដូរទៅជា L-tartrate ដែលល្អសម្រាប់រាងកាយដូចគ្នា។
៤. ក្រុមស្រាវជ្រាវរបស់ក្រុមហ៊ុនបានជ្រើសយកបច្ចេកវិទ្យាជឿនលឿន និងត្រូវបានអនុវត្តជាបន្តបន្ទាប់នៅក្នុងដំណើរការផលិត ដើម្បីរក្សាស្តង់ដាររបស់ Yanhee Vitamin Water ៕

អត្ថបទ៖ លីដា
ប្រភព៖ WorkpointTODAY, nationthailand