រដ្ឋាភិបាលជប៉ុនបានសម្រេចនឹងបង្កើតមីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទថ្មី ដែលអាចការពារខ្លួនពីសត្រូវខាងក្រៅបាន
រដ្ឋាភិបាលជប៉ុនសម្រេចនឹងបង្កើតមីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទថ្មី ដែលអាចវាយប្រហារគោលដៅពីជួរសត្រូវខាងក្រៅ បន្ទាប់ពីបានអនុម័តគោលនយោបាយការពារមីស៊ីលថ្មីមួយ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃសុក្រនេះ។ សេចក្តីសម្រេចរបស់គណៈរដ្ឋមន្រ្តីមិនទាក់ទងដោយផ្ទាល់លើបញ្ហាណាមួយ ដែលថាជប៉ុនអាចមានសមត្ថភាពវាយប្រហារមូលដ្ឋានទ័ពរបស់សត្រូវដែលចូលទឹកដីខ្លួនទេ វាគ្រាន់តែបញ្ជាក់ថា រដ្ឋាភិបាលនឹងបន្តសិក្សាពង្រឹងការទប់ស្កាត់នៅក្នុងទឹកដីរបស់ខ្លួន។

រដ្ឋាភិបាលមានផែនការពង្រីកប្រព័ន្ធការពារទឹកដីរបស់ខ្លួន ខណៈមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយថ្មីៗ ក៏អាចមានសមត្ថភាពទាំងបាញ់ចេញពីនាវា និងយន្តហោះផងដែរ។ គោលនយោបាយមីស៊ីលថ្មីរួមបញ្ចូលទាំងការសាងសង់នាវា ២ ដែលបំពាក់ដោយប្រព័ន្ធមីស៊ីលប្រឆាំងមីស៊ីលផ្លោង ដែលជាជម្រើសផ្សេងមួយទៀត ដើម្បីដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល Aegis Ashore របស់ប្រទេសនេះ។
រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Kishi Nobuo និយាយថា ប្រទេសជប៉ុនត្រូវតែបង្កើតប្រព័ន្ធការពារមីស៊ីលដ៏រឹងមាំមួយ ដើម្បីតបតការគំរាមកំហែង ដែលបង្កឡើងដោយមីស៊ីលរបស់កូរ៉េខាងជើង។ លោក Kishi Nobuo បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលនឹងពិចារណាយ៉ាងហ្មត់ចត់ថាតើឧបករណ៍ប្រភេទណាដែលនឹងត្រូវបំពាក់នៅលើនាវាថ្មី និងរបៀបដែលវាគួរតែត្រូវបានដំណើរការដោយគិតពីស្ថានភាពដែលកំពុងផ្លាស់ប្តូរ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK