កម្មវិធីជាអន្តរជាតិ COVAX ឥឡូវនេះមានវ៉ាក់សាំង ២ ពាន់លានដូស សម្រាប់ចែកចាយប្រទេសចំនួន ១៩០ នៅឆ្នាំក្រោយ
កម្មវិធីជាអន្តរជាតិមួយសម្រាប់ការចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយស្មើភាពគ្នា ឬហៅថា COVAX ឥឡូវនេះមានកិច្ចព្រមព្រៀងទទួលបានវ៉ាក់សាំងសម្រាប់ចែកចាយជិត ២ ពាន់លានដូស នៅដំណាច់ឆ្នាំក្រោយ។ នៅថ្ងៃសុក្រនេះភ្នាក់ងាររបស់ COVAX បាននិយាយថា ការចែកចាយត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅត្រីមាសទី១ ឆ្នាំ២០២១ ទៅឱ្យប្រទេសនិងទឹកដីចំនួន ១៩០ ដែលបានចូលរួមជាមួយកម្មវិធី COVAX ដែលជាគំនិតផ្ដួចផ្ដើមដឹកនាំដោយអង្គការសុភាពពិភពលោក សម្ព័ន្ធវ៉ាក់សាំង Gavi និង អង្គភាពផ្សេងទៀត។

គួរឱ្យដឹងដែរថាកម្មវិធី COVAX កំពុងគាំទ្រការបង្កើតវ៉ាក់សាំងចំនួន ១០ ប្រភេទ ដែលក្នុងនោះវារួមបញ្ចូលទាំងវ៉ាក់សាំងបង្កើតឡើងដោយក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford និងមួយទៀតដោយក្រុមហ៊ុនឱសថអាមេរិក Moderna ។ COVAX ក៏ទំនងជារួមបញ្ចូលវ៉ាក់សាំង ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអាមេរិក Johnson & Johnson និងមួយទៀតដោយក្រុមហ៊ុនបារាំង Sanofi និង GlaxoSmithKline របស់អង់គ្លេស៕

អត្ថបទ៖ លីដា
ប្រភព៖ NHK