ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វេជ្ជបណ្ឌិតថៃម្នាក់ស្លាប់បាត់បង់ជីវិត ក្រោយត្រូវអ្នកជំងឺបាញ់ប្រហារ ព្រោះតែគិតលុយថ្លៃសេវាពេទ្យថ្លៃហួសហេតុពេក

    BY autoadmin December 22, 2020
    វេជ្ជបណ្ឌិតថៃម្នាក់ស្លាប់បាត់បង់ជីវិត ក្រោយត្រូវអ្នកជំងឺបាញ់ប្រហារ ព្រោះតែគិតលុយថ្លៃសេវាពេទ្យថ្លៃហួសហេតុពេក

    ថៃ៖ វេជ្ជបណ្ឌិតជនជាតិថៃម្នាក់ត្រូ​វបានអ្នកជំងឺបាញ់សម្លាប់ព្រោះតែគាត់បានគិតលុយថ្លៃព្យាបាលជំងឺថ្លៃជ្រុលហួសហេតុខ្លាំងពេក។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Samut Songkhram ដែលជាខេត្តតូចមួយរបស់ថៃ។ ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់វេជ្ជបណ្ឌិតមានឈ្មោះថា Denphum Sangthong អាយុ ២២ ឆ្នាំ ហើយវេជ្ជបណ្ឌិតដែលជាជនរងគ្រោះមានឈ្មោះថា Chumphon Decha-amphai មានអាយុ ៥៨ ឆ្នាំ។ នាពេលកន្លងមកបុរសជាខ្មាន់កាំភ្លើងគឺជាអ្នកជំងឺដែលតែងទៅរកសេវាព្យាបាលពីជនរងគ្រោះជាប្រចាំនៅក្នុងមន្ទីរពេទ្យបង្អែក Phra Chom Klao ដែលជាពេទ្យរដ្ឋស្ថិតក្នុងខេត្ត Phetchaburi ខណៈជនរងគ្រោះក៏មានបើកគ្លីនិកព្យាបាលជំងឺឯកជនមួយផងដែរ។

    លោក Denphum Sangthong ដែលជាខ្មាន់កាំភ្លើង

    ប្រភពខាងលើបានបន្តថា ជារឿយៗលោក Denphum Sangthong តែងរអ៊ូរទាំពីការផ្តល់ជូនសេវាព្យាបាលជំងឺយឺតយ៉ាវសម្រាប់រូបគាត់ រាល់ពេលដែលគាត់ទៅកាន់មន្ទីរពេទ្យបង្អែក ហើយខាងមន្ទីរពេទ្យគ្មានដំណោះស្រាយណាមួយជូនគាត់នោះទេក្នុងរយៈពេលកន្លងមកនេះ។ ដោយធុញទ្រាន់នឹងសេវាយឺតយ៉ាវ បុរសជាខ្មាន់កាំភ្លើងក៏សម្រេចចិត្តធ្វើដំណើរឆ្លងខេត្តទៅព្យាបាលជំងឺនៅក្នុងគ្លីនិកឯកជនរបស់លោកវេជ្ជបណ្ឌិត Chumphon Decha-amphai វិញម្តង ដោយរំពឹងថានឹងទទួលបានសេវាកម្មឆាប់រហ័សខណៈតម្លៃនៅដដែល។

    យ៉ាងណាក្តី តម្លៃព្យាបាលជំងឺនៅក្នុងគ្លីនិកឯកជនរបស់ជនរងគ្រោះគឺមានតម្លៃខ្ពស់ខ្លាំង ដោយគ្រាន់តែថ្លៃប្រឹក្សាយោបល់មានតម្លៃរហូតដល់ទៅ ១៣០ បាត (៤,៣៣ ដុល្លារអាមេរិក) ទៅហើយ ខណៈនៅមន្ទីរពេទ្យបង្អែកសេវាដូចគ្នានេះមានតម្លៃត្រឹមតែ ៣០ បាត (១ ដុល្លារអាមេរិក) ប៉ុណ្ណោះ។ កត្តានេះបានធ្វើបុរសជាខ្មាន់កាំភ្លើងខឹងជាខ្លាំង ទើបនៅក្នុងថ្ងៃកើតហេតុនោះគាត់បានយកកាំភ្លើងទៅបាញ់សម្លាប់ជនរងគ្រោះដល់ក្នុងគ្លីនិករបស់គាត់តែម្តង។ តាមការស៊ើបអង្កេតបានបង្ហាញថា មុនពេលធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះខ្មាន់កាំភ្លើងបានបានប្រើប្រាស់គ្រឿងញៀនយ៉ាងជោគជាំដែរទើបរូបគេចិត្តដាច់ដូចនេះ ហើយពេលនេះខ្មាន់កាំភ្លើងត្រូវបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីទទួលទោសតាមផ្លូវច្បាប់៕

    Gunman Shot and Killed Clinic Doctor for Being Overcharged

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍ 

    Share This Post: