ទុក្ខជាន់ទុក្ខ! ផ្ទុះឧបករណ៍បញ្ចូលខ្យល់អ៊ុកស៊ីសែននៅមន្ទីរពេទ្យមួយក្នុងប្រទេសតួគី ធ្វើឲ្យអ្នកជំងឺកូវីដ១៩ ចំនួន ៩នាក់បាត់បង់ជីវិត
តួគី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩ នាក់បានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះឧបករណ៍សម្រាប់បញ្ចូលខ្យល់អ៊ុកស៊ីសែន ដែលបានកើតឡើងនៅក្នុងមន្ទីរពេទ្យមួយកន្លែងស្ថិតនៅក្នុងភាគខាងត្បូងនៃប្រទេសតួគី។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន BBC បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះគឺជាសុទ្ធតែជាអ្នកជំងឺកូវីដ ១៩ ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ហើយភ្លាមៗក្រោយកើតហេតុមានជនរងគ្រោះចំនួន ៨ នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ ខណៈ ១ រូបផ្សេងទៀតបានស្លាប់ក្នុងពេលបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យមួយផ្សេងទៀត។

រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបង្កឲ្យមានហេតុការណ៍ផ្ទុះនេះនៅឡើយទេ តែយ៉ាងណាក្តីបើតាមការវិភាគដោយមិនផ្អែកលើលក្ខណៈបច្ចេកទេសគេគិតថា ហេតុការណ៍ទំនងជាកើតឡើងព្រោះតែមន្ទីរពេទ្យត្រូវទទួលអ្នកជំងឺកូវីដ ១៩ ច្រើនខ្លាំងពេក រហូតធ្វើឲ្យឧបករណ៍មួយចំនួនត្រូវប្រើប្រាស់លើសពីកម្លាំងជាក់ស្តែងរបស់វា ខណៈក្រុមគ្រូពេទ្យក៏រវល់តែជួយសង្គ្រោះជីវិតអ្នកជំងឺកូវីដ ១៩ រហូតមានការធ្វេសប្រហែសមិនបានត្រួតពិនិត្យឧបករណ៍មួយចំនួនឲ្យបានហ្មត់ចត់។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះតួគីមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ២ ០២៤ ៦០១ ករណី និងស្លាប់ចំនួន ១៨ ០៩៧ ករណីផងដែរ៕



អត្ថបទ៖ ភក្តី
ប្រភព៖ BBC