ម្តាយរបស់នារីអង់គ្លេសដែលបានស្លាប់ ដោយសារលង់ទឹកនៅកោះរ៉ុងកាលពីឆ្នាំមុន ស្នើឲ្យអាជ្ញាធរកម្ពុជាបើកការស៊ើបអង្កេតករណីនេះជាថ្មី ក្រោយគាត់រកឃើញចំណុចមិនប្រក្រតីមួយនេះ
ម្តាយរបស់ស្រីអ្នកដំណើរនារីជនជាតិអង់គ្លេសម្នាក់ ដែលបានស្លាប់បាត់បង់ជីវិតក្នុងពេលមកកម្សាន្តនៅលើកោះរ៉ុង ប្រទេសកម្ពុជា បានស្នើសុំឲ្យអាជ្ញាធរកម្ពុជាបើកការស៊ើបអង្កេតជុំវិញករណីស្លាប់របស់កូនស្រីគាត់ម្តងទៀត ដោយសារគាត់មិនជឿថាកូនស្រីរបស់គាត់ជាមនុស្សញៀនថ្នាំអ្វីនោះទេ បន្ទាប់ពីលទ្ធផលនៃការពិនិត្យលើសាកសពជនរងគ្រោះកាលពីមុនបង្ហាញថា ក្នុងខ្លួនរបស់នារីរងគ្រោះមានសារធាតុញៀន និងថ្នាំសម្រើបផ្លូវភេទ។ ម្ដាយរបស់នារីរងគ្រោះរូបនេះអះអាងយ៉ាងច្បាស់ថា កាលពីនាងនៅអង់គ្លេស នាងមិនដែលប្រើប្រាស់ថ្នាំញៀនណាមួយនោះទេ ដោយហេតុនេះគាត់សង្ស័យថាមានមនុស្សដាក់ថ្នាំកូនស្រីរបស់គាត់។

នាង Amelia Bambridge ដែលជាជនរងគ្រោះ
សូមរម្លឹកជូនថា ស្ត្រីជនរងគ្រោះមានឈ្មោះថា Amelia Bambridge អាយុ ២១ ឆ្នាំ បានកាន់លិខិតឆ្លងដែនសញ្ជាតិអង់គ្លេស ដើម្បីមកដើរកម្សាន្ដតែម្នាក់នៅតំបន់អាស៊ីកាលពីអំឡុងឆ្នាំ២០១៩ កន្លងមកនេះ។ នៅក្នុងខែតុលា ឆ្នាំ២០១៩ នាងបានធ្វើដំណើរទៅដល់កោះរ៉ុង ជាទីកន្លែងដែលនាងបានបាត់ខ្លួន ហើយមួយសប្តាហ៍ក្រោយមកគេបានប្រទះឃើញសាកសពរបស់នាងអណ្តែតនៅលើផ្ទៃទឹកសមុទ្រ ដែលមានចម្ងាយប្រមាណជា ៩៦ គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។ ពោលគឺត្រង់ចំណុចព្រំដែនទឹកនៃប្រទេសកម្ពុជា-ថៃ។
តាមរបាយការណ៍របស់អាជ្ញាធរកម្ពុជាបានចាត់ទុកករណីនេះជាករណីលង់ទឹកស្លាប់ ព្រោះគេបានរកឃើញទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ជនរងគ្រោះជាច្រើននៅលើច្រាំងថ្មក្បែរមាត់សមុទ្រ ដោយគ្មានអ្នកណាលួចរបស់នាងឡើយ សម្ភារៈរបស់នាងនៅក្នុងសណ្ឋាគារក៏មិនបានបាត់ដែរ ហើយនៅលើសាពរបស់នាងក៏គ្មានស្លាកស្នាមរបួសណាមួយដែលបង្ហាញថា នាងត្រូវបានគេសម្លាប់នោះដែរ។
យ៉ាងណាក្តី ក្រោយពេលបញ្ជូនសាកសពរបស់នាងទៅដល់ប្រទេសអង់គ្លេស ក្រុមគ្រួសាររបស់នាងបានសម្រេចពិនិត្យសាកសព ហើយកាលពីពេលថ្មីៗនេះលទ្ធផលបានបង្ហាញថា ក្នុងប្រព័ន្ធប្រសាទរបស់ជនរងគ្រោះមានផ្ទុកសារធាតុគ្រឿងញៀនម្យ៉ាង ដែលធ្វើឲ្យនាងរវើរវាយ បាត់បង់ស្មារតី និងមានសារធាតុថ្នាំសម្រើបផងដែរ។ លោកស្រី Linda Schultes អាយុ ៥៣ ដែលជាត្រូវជាម្តាយបង្កើតរបស់ស្ត្រីរងគ្រោះបានអះអាងថា ដោយផ្អែកលើលទ្ធផលនៃការពិនិត្យសាកសព បូករួមជាមួយនិងចរិតលក្ខណៈរបស់កូនស្រីគាត់ ដែលជាមនុស្សមិនប្រើគ្រឿងញៀន និងមិនមានទម្លាប់ផឹកគ្រឿងស្រវឹងជោគជាំនោះគាត់បានគិតថា មុនពេលកើតហេតុកូនស្រីរបស់គាត់បានទៅចូលរួមកម្មជប់លៀងបែប “Sex Party” ឬជាពិធីជប់លៀងមានការផឹកស៊ី ប្រើប្រាស់គ្រឿង និងថ្នាំសម្រើបផ្លូវភេទ ហើយវាមិនមែនជាកម្មវិធីដែលនាងមានបំណងចង់ទៅចូលរួមនោះទេ។
លោកស្រីបានបន្តថា ក្រោយមានសារធាតុដូចខាងលើនេះចូលទៅក្នុងខ្លួនដោយមិនបានដឹងខ្លួនមុនទើបកូនស្រីរបស់គាត់ផ្តើមបាត់បង់ស្មារតី និងធ្លាក់ចូលទៅក្នុងទឹកសមុទ្រស្លាប់តែម្តង។ យោងទៅតាមការយល់ឃើញខាងលើនេះ ទើបលោកស្រីចង់ឲ្យអាជ្ញាធរកម្ពុជាបើការស៊ើបអង្កេតជុំវិញករណីស្លាប់របស់កូនគាត់ជាថ្មីម្តងទៀតព្រោះគាត់គិតថា កូនស្រីគាត់មិនមែនលង់ទឹកស្លាប់ដោយខ្លួនឯងនោះទេ តែមានមនុស្សមានបំណងចង់ធ្វើរឿងមិនល្អដាក់ថ្នាំលើនាងមុន ទើបបណ្តាលឲ្យនាងស្លាប់ដូចនេះ៕

លោកស្រី Linda Schultes ដែលជាម្តាយជនរងគ្រោះ






អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail