អ្នកទោសក្នុងពន្ធនាគារមួយនាំគ្នាច្រៀងបទ “I Don’t Care” របស់ 2NE1 ចាំស្វាគមន៍ប៉ូលិសដៃឆៅម្នាក់ ដែលបានបាញ់ប្រហារម្តាយកូន២នាក់នៅប្រទេសហ្វីលីពីន (មានវីដេអូ)
ក្រុមអ្នកទោសនៅក្នុងពន្ធនាគារមួយ បានច្រៀងចម្រៀងបទ «I Don’t Care» របស់ក្រុមនារីកូរ៉េខាងត្បូង 2NE1 ខណៈរង់ចាំស្វាគមន៍ប៉ូលិសម្នាក់ឈ្មោះថា Jonel Nuezca ទាក់ទិនក្នុងរឿងក្ដីបាញសម្លាប់ទៅលើម្ដាយកូន ២នាក់ យ៉ាងសាហាវ នៅប្រទេសហ្វីលីពីន។ បទចម្រៀង «I Don’t Care» ពេលនេះកំពុងមានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងបណ្ដាញសង្គមហ្វីលីពីន ដោយសារថាវាគឺជាពាក្យចុងក្រោយរបស់អ្នកម្តាយ Sonya Gregorio មុនពេលដែលគាត់ត្រូវគ្រាប់កាំភ្លើងដួលដល់ដី ជាមួយកូនប្រុសរបស់គាត់ឈ្មោះថា Frank Anthony ។

ប៉ូលីស Jonel Nuezca
មូលេហេតុគឺដោយសារថ្មីៗនេះ មានភាពច្របូកច្របល់យ៉ាងខ្លាំងរវាងប៉ូលីស និងអ្នកជិតខាងរបស់គាត់ ដែលនាំឱ្យមានការស្លាប់របស់អ្នកម្ដាយ Sonya Gregorio និងកូនប្រុសរបស់គាត់ Frank Anthony នៅក្នុងជម្លោះប្រកែកគ្នាមួយ ដែលក្នុងនោះគឺកូនស្រីរបស់ប៉ូលីសដៃដល់ជាអ្នកបញ្ឆេះឡើង។ ប្រភពបាននិយាយថា កូនស្រីរបស់ប៉ូលីសដៃដល់បានស្រែកអួតថា ឪពុករបស់ខ្លួនជាប៉ូលីស និងអាចសម្លាប់ពួកគេពេលណាក៏បាន ដូច្នេះហើយអ្នកជិតខាងរបស់នាងក៏បានច្រៀងថា «I don’t care eh eh eh» ។ ក្រោយមកទៀតប៉ូលីសដៃដល់រូបនោះ ក៏បានបាញ់សម្លាប់អ្នកជិតខាងទាំងម្ដាយនិងកូនតែម្ដងទៅ។
តាំងពីពេលនោះមកបទនោះក៏បានល្បីសុះសាយ ដែលសូម្បីតែលោកប៉ូលីសទំនើង Jonel Nuezca ត្រៀមនឹងដើរចូលគុកទៅហើយក្ដី ក៏នៅតែមានគេច្រៀងបទនេះរង់ចាំគាត់ដែរ។ ចំណែកព្រះរាជអាជ្ញានៅថ្ងៃច័ន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ បានប្តឹងនៅទីក្រុង Tarlac ប្រឆាំងនឹងលោក Nuezca ។ រឿងក្ដីរបស់គាត់កំពុងក្លាយជាប្រធានបទក្ដៅទូទាំងប្រទេស ហើយគាត់នឹងគ្មានសិទ្ធិទាមទារនៅក្រៅឃុំនោះទេ៕


អត្ថបទ៖ លីដា
ប្រភព៖ Philnews