ការប្រារព្ធពិធីចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ដ៏ច្រើននៅចុងឆ្នាំនេះ ត្រូវបានហាមឃាត់ក្នុងទីក្រុងបាងកក និងខេត្តដែលមានហានិភ័យខ្ពស់
ការប្រារព្ធពិធីចូលឆ្នាំថ្មីនិងព្រឹត្តិការណ៍ដ៏ច្រើនកុះករ ត្រូវបានហាមឃាត់នៅក្នុងទីក្រុងបាងកក និងខេត្តជាច្រើន។ សេចក្តីសម្រេចនេះត្រូវបានប្រកាសដោយមជ្ឈមណ្ឌលសម្រាប់ស្ថានភាពជំងឺ COVID-19 កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលខ្លួនបានប្រកាសប្រព័ន្ធកំណត់ពណ៌ ដើម្បីកំណត់តំបន់ណាដែលងាយរងគ្រោះបំផុតពីការផ្ទុះឡើងនៃជំងឺ COVID-19 ។

ពណ៌ក្រហម ទឹកក្រូច លឿង និងបៃតង ត្រូវបានប្រើដើម្បីបង្ហាញពីកម្រិតនៃការឆ្លងមេរោគ COVID-19 នៅតាមខេត្តដែលរងផលប៉ះពាល់ដោយជំងឺនេះ។ ទីក្រុងបាងកកត្រូវបានប្រកាសថា ជាតំបន់ពណ៌ទឹកក្រូច ហើយដូច្នេះត្រូវមានវិធានការតឹងរឹង ប៉ុន្តែរួចផុតពីបិទទ្វារទាំងមូល។ តំបន់ក្រហមមានន័យថា ការត្រួតពិនិត្យអតិបរិមា និងចំនួនករណី COVID-19 មានច្រើនគួរឱ្យកត់សម្គាល់។ ខេត្តតែមួយគត់មានហានិភ័យខ្ពស់ជាងគេគឺខេត្តសាមុតសាខន ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងចុងក្រោយបង្អស់៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍