ជំងឺកូវីដ១៩ ទម្រង់ថ្មី ត្រូវបានគេរកឃើញមាននៅក្នុងប្រទេសម៉ាឡេស៊ីហើយ
ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន todayonline បានឲ្យដឹងថា ជំងឺកូវីដ ១៩ ទម្រង់ថ្មីត្រូវបានគេរកឃើញនៅប្រទេសម៉ាឡេស៊ីហើយ។ លោកវេជ្ជបណ្ឌិត Noor Hisham Abdullah ដែលជាប្រធានផ្នែកសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងថា ជំងឺកូវីដ ១៩ ទម្រង់ថ្មីត្រូវបានគេរកឃើញនៅក្នុងសំណាកចំនួន ៦០នាក់ ដែលក្រុមបុគ្គលិកសុខាភិបាលយកមកពីរដ្ឋ Sabah ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី ដូចនេះវាមានន័យថា ជំងឺកូវីដ ១៩ ទម្រង់ថ្មីដែលមានលក្ខណៈឆ្លងយ៉ាងឆាប់រហ័សនោះបានកំពុងតែមានវត្តមាននៅក្នុងប្រទេសម៉ាឡេស៊ីហើយ។

ខណៈរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងច្បាស់ថា នរណាជាប្រភពចម្លងដំបូងនៃជំងឺកូវីដ ១៩ ទម្រង់ថ្មីនេះនៅឡើយទេ។ សូមបញ្ជាក់ជូនថា បើយោងតាមរបាយការណ៍ចុងក្រោយគិតត្រឹមពេលចុះផ្សាយអត្ថបទនេះជំងឺកូវីដ ១៩ ទម្រង់ថ្មីបានធ្វើដំណើរទៅដល់ប្រទេសមួយចំនួនផ្សេងទៀតដូចជា សិង្ហបុរី អូស្រ្តាលី អាមេរិកខាងត្បូង ហូរឡង់ និងអង់គ្លេសដែលជាប្រទេសបានរកឃើញកោសិកាមេរោគថ្មីនេះមុនគេបង្អស់៕


អត្ថបទ៖ ភក្តី
ប្រភព៖ todayonline