ថ្ងៃនេះ ថៃរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨១នាក់បន្ថែមទៀត ខណៈកូវីដ១៩ បានបន្តរាតត្បាតដល់ខេត្ត-ក្រុងចំនួន ៣១ហើយ
ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា នៅក្នុងថ្ងៃសុក្រ ទី២៥ ខែធ្នូនេះ អាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ៨១ ករណីបន្ថែមទៀតក្នុងនោះមាន ៣៧ ករណីជាករណីឆ្លងក្នុងសហគមន៍, ៣៥ ករណីកើតមានចំពោះក្រុមពលករចំណាកស្រុក និង ៩ ករណីផ្សេងទៀតកើតមានចំពោះអ្នកដំណើរមកពីបរទេសដែលបានធ្វើចត្តាឡីស័កនៅក្នុងប្រទេសថៃនាពេលកន្លងមក។ បើតាមលោកវេជ្ជបណ្ឌិត Taweesilp Visanuyothin ដែលជាអ្នកនាំពាក្យរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ បានបញ្ជាក់ថា នៅក្នុងចំណោមករណីឆ្លងចំពោះពលរដ្ឋថៃទាំង ៣៧ ករណីខាងលើនេះ មាន ២៦ ករណីគឺជាការឆ្លងដែលពាក់ព័ន្ធទៅនឹងការរាតត្បាតជំងឺកូវីដ ១៩ ចេញពីផ្សារលក់បង្គាបោះដុំនៅក្នុងខេត្តសាមុតសាខន ខណៈ ១១ ករណីផ្សេងទៀតកំពុងត្រូវបានគេតាមដានថាតើមានប្រភពចេញមកពីណាឲ្យប្រាកដ។

អ្នកនាំពាក្យរូបនេះបានបន្តថា ពលរដ្ឋថៃដែលបានឆ្លងជំងឺកូវីដ ១៩ ក្នុងករណីខាងលើនេះមានដូចជា អ្នកលក់ដូរ មន្ត្រីរាជការ អ្នកដឹកជញ្ជូនគ្រឿងសមុទ្រ និងបុគ្គលិកធនាគារ។ របាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរសុខាភិបាលថៃបានបង្ហាញថា គិតមកទល់ពេលនេះជំងឺកូវីដ ១៩ ដែលបានផ្ទុះចេញពីផ្សារលក់បង្គាបោះដុំនៅក្នុងខេត្តសាមុតសាខនបានបន្តរាតត្បាតទៅដល់ខេត្តក្រុងចំនួន ៣១ ផ្សេងទៀតហើយក្នុងនោះរួមមាន ក្រុង Bangkok, ខេត្ត Chachoengsao, Nakhon Pathom, Pathum Thani, Phetchaburi, Samut Prakan, Saraburi, Uttaradit, Phetchabun, Suphan Buri, Nakhon Ratchasima, Prachin Buri, Krabi, Phuket, Ayutthaya, Kamphaeng Phet, Khon Kaen, Chai Nat, Samut Songkhram, Udon Thani, Phichit, Nakhon Si Thammarat, Surat Thani, Chaiyaphum, Nakhon Sawan, Nonthaburi, Ang Thong, Ratchaburi, Songkhla, Laoi និងខេត្ត Ubon Ratchathani។ សូមបញ្ជាក់ជូនផងដែរថា គិតត្រឹមពេលនេះថៃមានចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ សរុប ចំនួន ៥ ៩១០ ករណី និងស្លាប់ចំនួន ៦០ ករណីផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍