ប្រទេសថៃនឹងចំណាយ ៩៩.៧ លានដុល្លារ ដើម្បីសាងសង់យានអវកាសមួយក្នុងរយៈពេល ៧ឆ្នាំទៀត
ប្រទេសថៃនឹងសាងសង់យានអវកាសមួយក្នុងរយៈពេល ៧ឆ្នាំទៀត ជាមួយនឹងថវិកាប្រមាណ ៣ ពាន់លានបាត ឬ ៩៩.៧ លានដុល្លារ នេះបើយោងតាមក្រសួងឧត្តមសិក្សាវិទ្យាសាស្ត្រស្រាវជ្រាវនិងច្នៃប្រឌិត។ រដ្ឋមន្រ្តីលោក Anek Laothamatas បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសថៃនឹងផលិតផ្កាយរណបបច្ចេកវិទ្យាខ្ពស់ក្នុងរយៈពេល ៤ ឆ្នាំទៀត មុននឹងឈានទៅមុខបង្កើតដល់យានអវកាសមួយដែលមានទំងន់ ៣០០ គីឡូក្រាម សម្រាប់បេសកកម្មទៅភពព្រះច័ន្ទ។

យាននេះនឹងត្រូវបានបំពាក់ដោយកម្លាំងរុញសេណុងអ៉ីយ៉ុង (xenon ion) ដែលជាវិធីសាស្ត្ររុញច្រានដូចគ្នា ដែលត្រូវបានប្រើដោយអង្គការណាសា សម្រាប់បេសកកម្មលំហអវកាសរបស់ពួកគេ។ លោក Anek បាននិយាយថា យានអវកាសនេះនឹងធ្វើដំណើរក្នុងចម្ងាយ ១១ គីឡូម៉ែត្រ ក្នុងមួយម៉ោង ទៅកាន់ឋានព្រះច័ន្ទមុនពេលធ្វើដំណើរយឺតចូលទៅក្នុងគន្លងព្រះច័ន្ទ នៅចម្ងាយ ២ គីឡូម៉ែត្រ/ម៉ោង បេសកកម្មនៅភពព្រះច័ន្ទលើកដំបូងរបស់ប្រទេសថៃនឹងត្រូវប្រកាសជាផ្លូវការនៅខែមករា៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand