ផ្ទុះរថយន្តមួយគ្រឿងលាន់ដូចគ្រាប់បែក ឆាបឆេះរាលដាលដល់អគារជាច្រើន និងបណ្ដាលឱ្យមនុស្ស ៣ នាក់រងរបួស នៅរដ្ឋ Tennessee សហរដ្ឋអាមេរិក
រថយន្តមួយគ្រឿងបានបង្កការផ្ទុះយ៉ាងខ្លាំងនៅព្រឹកថ្ងៃគ្រីស្មាស នៅទីប្រជុំជន Nashville រដ្ឋធានីនៃរដ្ឋ Tennessee របស់សហរដ្ឋអាមេរិក ដែលបណ្ដាលឱ្យមនុស្ស ៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ប៉ូលីសបាយនិយាយថា ការផ្ទុះនេះគឺជាសកម្មភាពចេតនា ដោយបានបន្ថែមថា គ្មាននរណាម្នាក់ក្នុងចំណោមជនរងគ្រោះទាំង ៣នាក់ រងរបួសធ្ងន់ធ្ងរនោះទេ ប៉ុន្តែអគារជាង ២០ បានរងការខូចខាត ហើយរថយន្តជាច្រើនគ្រឿងដែលចតនៅក្បែរនោះបានឆេះពីការផ្ទុះនោះ។

ប៉ូលីសបានប្រាប់អ្នកយកព័ត៌មានថា ដំបូងពួកគេបានឆ្លើយតបទៅនឹងការហៅបន្ទាន់មួយ ដែលបានរាយការណ៍ពីការផ្ទុះនេះនៅក្នុងតំបន់ទីប្រជុំជន ហើយក្រោយមកមន្រ្តីប៉ូលីសបានរកឃើញរថយន្តគួរឱ្យសង្ស័យមួយចតនៅទីតាំងនោះ។ ពួកគេនិយាយថារថយន្តនោះបានបន្លឺខ្សែថតសំឡេងមួយ ដែលរួមមានការព្រមានអំពីការផ្ទុះគ្រាប់បែក ហើយវាក៏បានផ្ទុះឡើង។ ខណៈពេលនេះ FBI កំពុងតែស៊ើបអង្កេតលើឧប្បត្តិហេតុនេះផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK